(វៀតណាម)៖ ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញក្រុមអតីតមិត្តរួមជំនាន់ នៃសាលាបាក់ទូកមួយក្រុម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និត និងចែករំលែកជួយទុក្ខធុរៈគ្នាជាប់ជាប្រចាំមិនដែលមានខាន នៅពេលដែលមានមិត្តណាម្នាក់របស់ពួកគាត់ជួបការលំបាក។
លើសពីនេះពួកគាត់តែងគៀងគគ្នា ប្រារព្ធនូវពិធីជួបជុំអតីតមិត្ត រួមជំនាន់និងអតីតលោកគ្រូអ្នកគ្រូជារៀងរាល់ឆ្នាំ ព្រមទាំងបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់អតីតលោកគ្រូអ្នកគ្រូរបស់ ពួកគាត់ជាប់ជាប្រចាំមិនដែលមានខានដូចគ្នា។
ជាថ្មីម្តងទៀត នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ អតីតសិស្ស សាលាបាក់ទូកជាច្រើនរូប បាននាំគ្នាទៅសួរសុខទុក្ខអ្នកស្រី រឿន សូនី ដែលជាមិត្តរួមជំនាន់ កំពុងសម្រាកព្យាបាលជម្ងឺ ធ្លាយសរសៃឈាមក្នុងខួរក្បាលនៅមន្ទីរពេទ្យ Bệnh Viện Đa Khoa Nam Sài Gòn ប្រទេសវៀតណាម។
ក្នុងឱកាសសួរ សុខទុក្ខនាពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តំណាងឲ្យអតីតសិស្សមិត្តរួមជំនាន់សាលាបាក់ទូក បាននាំយកនូវថវិកាចំនួន ៤៥០០ដុល្លារ ដែលបានមកពីការចូលរួមរបស់ អតីតសិស្សមិត្តរួមជំនាន់ ប្រគល់ជូនអ្នកស្រី រឿន សូនី ទុកជាការដោះស្រាយ សម្រាលបន្ទុកព្យាបាលជម្ងឺរបស់គាត់ផងដែរ។
សកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយមិត្តដែលមានអាសន្នទាំងនេះ គឺជាមនោសញ្ចេតនា និងជាគោលការណ៍ក្នុងក្រុម ស្របតាមពាក្យស្លោកដែលពួកគាត់បានរួមគ្នាបង្កើតឡើងថា «សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក»៕