(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ឈានមុខមួយនៅកម្ពុជា បាននឹងកំពុងត្រៀមខ្លួន ក្នុងការឈានជើងចូលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាត ពីធនាគារជាតិនៃកម្ពុជា ដោយរំពឹងនឹងទទួលបានការអនុម័តយល់ព្រមជាស្ថាពរ ពីគណៈកម្មការមូលបត្រ (គ.ម.ក) និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) នៅត្រីមាសទី១ឆ្នាំ២០២០ខាងមុន។
ជាមួយនឹងការត្រៀមខ្លួន ចូលក្នុងផ្សារមូលបត្រ របស់ធនាគារអេស៊ីលីដានេះលោក ហុង សុខហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា «ធនាគារអេស៊ីលីដា ជាធនាគារឈានមុខគេនៅកម្ពុជា ហើយការមានវត្តមាននៅក្នុងផ្សារមូលបត្រ នឹងផ្ដល់នូវឱកាសវិនិយោគដ៏ល្អមួយ ដល់វិនិយោគិន ដែលបច្ចុប្បន្ន មានភាគហ៊ុនចុះបញ្ជីស្រាប់ចំនួន៥ ប៉ុន្ដែចំនួន៥នៃក្រុមហ៊ុននេះ មិនអាចទិញលក់រាល់ថ្ងៃ បានគ្រប់គ្រាន់នោះឡើយ ដូច្នេះនៅពេលមានវត្តមាន របស់ធនាគារអេស៊ីលីដា នោះនឹងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងបំផុត និងមានការជួញដូរច្រើន»។
លោក ហុង សុខហួរ បញ្ជាក់ថា ជាក់ស្ដែងចាប់តាំងពីចេញព័ត៌មាន ពីការចូលឈានជើងចូលផ្សារមូលបត្រ របស់ធនាគារអេស៊ីលីដាឃើញថា មានការបើកគណនីជួញដូរ មានការកើនឡើងច្រើនមែនទែន។ នេះជាការសបញ្ជាក់ឲ្យឃើញថា មានការត្រៀមខ្លួនច្រើន សម្រាប់ការទិញភាគហ៊ុន ពីធនាគារអេស៊ីលីដា។
ការបញ្ជាក់របស់អគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្ររូបនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ធនាគារអេស៊ីលីដា ភីអិលស៊ី គ្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ» ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ីផងដែរ។
លោក ហុង សុខហួរ បានបន្ថែមថា «បន្ទាប់ពីការចុះបញ្ជីរបស់ធនាគារអេស៊ីលីដា ដំណើរការបានដោយរលូន ការចាប់អារម្មណ៍របស់សាធារណជនមានច្រើន ខ្ញុំរំពឹងថា នឹងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាក្រុមហ៊ុនអាជីវកម្មផ្សេងៗទៀត អាចមកចូលរួមក្នុងវិស័យមូលបត្រយ៉ាងច្រើន»។
លោកបណ្ឌិត អ៉ិន ចាន់នី បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០២០នេះជាឆ្នាំដ៏ល្អ ដែលធនាគារអេស៊ីលីដា បានសម្រេចចិត្តបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើដំបូងជាសាធារណៈ នៅផ្សារមូលបត្រកម្ពុជា។
លោកបណ្ឌិតបន្ដថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះដើម្បី៖
១៖ ឲ្យវិនិយោគិន អតិថិជន និងសាធារណជន ចូលរួមវិនិយោគជាមួយធនាគារ ដើម្បីក្លាយជាភាគហ៊ុនិក របស់ធនាគារអេស៊ីលីដា ភីអិលស៊ី។
២៖ ប្រមូលដើមទុនគាំទ្រការរីកលូតលាស់ របស់ធនាគារអេស៊ីលីដា ភីអិលស៊ី ទាំងក្នុងស្រុក និងក្នុងតំបន់ ប្រកបដោយចីរភាព និងកាន់តែរឹងមាំ។
៣៖ បង្កើតប្រាក់ចំណូលជូនវិនិយោគិន និងសាធារណជនចូលរួមវិនិយោគជាមួយធនាគារ តាមរយៈការបែងភាគលាភ។
៤៖ ចូលរួមលើស្ទួយប្រាក់រៀល។
៥៖ ចូលរួមចំណែកក្នុងការលើកស្ទួយ វិស័យមូលបត្រក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់ទៀតថា តាមរយៈការធ្វើសិក្ខាសាលានេះ វិនិយោគិន អតិថិជន និងសាធារណជន ដែលមានវត្តមាននៅក្នុងសិក្ខាសាលានេះ នឹងយលដឹងអំពីទិដ្ឋភាពទូទៅ របស់ធនាគារអេស៊ីលីដា អត្ថប្រយោជន៍នៃការចូលមកវិនិយោគ ក្នុងវិស័យមូលបត្រ ធ្វើយ៉ាងណាដើម្បីវិនិយោគមូលបត្រកម្មសិទ្ធិ និងអត្ថប្រយោជន៍នៃ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ដោយមានវាគ្មិនមានឈ្មោះបោះសំលេង ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី អេស៊ីលីដា ស៊ីឃ្យូរឹធី ភីអិលស៊ី និងក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី៕