(ភ្នំពេញ)៖ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» គ្រាន់តែជាការបង្កើតជម្រើបន្ថែមសម្រាប់អ្នកប្រើប្រាស់រថយន្តតែប៉ុណ្ណោះ ពោលទោះបីមាន «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ផ្លាកលេខធម្មតានៅតែមានលក់សម្រាប់អ្នកប្រើប្រាស់រថយន្តទូទៅ។ ម្ចាស់រថយន្តមិនមែនតម្រូវឱ្យត្រូវតែប្រើ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នោះឡើយ។ នេះជាការបញ្ជាក់របស់លោកស្រី កុយ សុដានី រដ្ឋលេខាក្រសួងសាធារណការ និងដឹកជញ្ជូន។
«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ដែលជាប្រភេទផ្លាកលេខថ្មីមួយដែលអនុញ្ញាតម្ចាស់ផ្លាកលេខ អាចគ្រប់គ្រងពេញមួយជីវិតនោះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសដាក់លក់ជាផ្លូវការកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។ បន្ទាប់ពីការប្រកាសដាក់លក់មានប្រជាពលរដ្ឋខ្លះមានការយល់ច្រឡំថា ម្ចាស់រថយន្តតម្រូវឱ្យទិញបន្ថែមផ្លាកលេខប្រភេទនេះ ដែលធ្វើឱ្យម្ចាស់រថយន្តនឹងត្រូវចំណាយកាន់តែច្រើន។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លោកស្រី កុយ សុដានី បានអះអាងថា ប្រជាពលរដ្ឋជាម្ចាស់រថយន្តមិនតម្រូវ ឬបង្ខំឱ្យប្រើប្រាស់ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះឡើយ។ ពោលប្រជាពលរដ្ឋអាចជ្រើសរើស «ផ្លាកលេខធម្មតា», «ផ្លាកលេខពិសេស» ឬ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ក៏បាន។
«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ បើទោះបីថាមានប្រជាពលរដ្ឋខ្លះមានការប្រតិកម្ម ឬរិះគន់លើបញ្ហាផ្សេងៗ។ តែក៏ទទួលបានការគាំទ្រ និងទិញពីម្ចាស់រថយន្តមួយចំនួនផងដែរ។ បើតាមលោកស្រី កុយ សុដានី ក្រោយពេលប្រកាសលក់តែពីរថ្ងៃ មានអ្នកទិញរហូតដល់ ៤២ផ្លាក និងទទួលបានថវិកាប្រមាណជា ២២ម៉ឺនដុល្លារ។ ថវិកាដែលទទួលបានពីការលក់ផ្លាកលេខនេះ ត្រូវបានដាក់ជាថវិការបស់ជាតិ ដើម្បីបំពេញការចំណាយរបស់រដ្ឋ។
សូមបញ្ជាក់ថា «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ ៣.៥ទ្រីលាន។
ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អាចជ្រើសរើស និងកំណត់ឈ្មោះតាមការចង់បាន។ លើកតែពាក្យមិនសមរម្យ ឈ្មោះថ្នាក់ដឹកនាំ និងទីតាំងប្រវត្តិសាស្ត្រ។ សម្រាប់តម្លៃវិញ លេខ ឬតួអក្សរ ៨ខ្ទង់មានតម្លៃធូរថ្លៃ តែបើចំនួនលេខ ឬតួអក្សរកាន់តែតិច តម្លៃក៏កាន់តែថ្លៃផងដែរ។
«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់រថយន្តក៏បាន។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រងផ្លាកលេខប៉ុណ្ណោះ៕