Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី គន់ គីម អញ្ជើញប្រកាសទទួលស្គាល់ប្រធាន អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តប៉ៃលិន និងប្រគល់ប័ណ្ណ ប.ស.ស ជូនគ្រួសារពលី

10-01-2020 17:17

(ប៉ៃលិន)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសទទួលស្គាល់ ប្រធាន និងអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ប្រគល់ប័ណ្ណមូលនិធីសមធម៌សុខាភិបាល ជូនគ្រួសារជនពលីមរណៈ និងប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ចំនួន៣គ្រួសារ នៅខេត្តប៉ៃលិន។

លោក សេង សុគន្ធ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ដែលទើបតែងតាំងថ្មី បានលើកឡើង អំពីគុណបំណាច់របស់អតីតយុទ្ធជន ដែលបានចូលរួមចំណែក ក្នុងការការពារសន្តិភាព និងចូលរួមក្នុងកសាងប្រទេសជាតិ ឲ្យមានការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃនេះ និងបានធ្វើការប្តេជ្ញាចិត្ត ខិតខំបំពេញតួនាទីភារកិច្ច ចុះជួយជានិច្ច ចំពោះគ្រួសារអតីតយុទ្ធជននៅទូទាំងខេត្ត ដែលមានជីវភាពលំបាក ឬជួបនូវហេតុការណ៍ផ្សេងៗ និងចុះស្រាវជ្រាវបន្តទៀត ដើម្បីសាងសង់ផ្ទះ ជូនគ្រួសារអតីតយុទ្ធជនដែលមានជីវភាពក្រីក្រ។

ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលនៅក្នុងរយៈពេល១ ឆ្នាំ២០១៩កន្លងមកនេះ បានជំរុញសកម្មភាពសមាគម មានដំណើរការវិវត្តន៍ គួរឲ្យកត់សម្គាល់។ ក្នុងនោះកិច្ចសហការ ដឹកនាំសមាសភាពចម្រុះ កិច្ចពង្រឹង អង្គការចាត់តាំងថ្នាក់ខេត្ត ក្រុង ស្រុក ឃុំដល់ភូមិ។

ក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានប្រគល់ផ្ទះចំនួន៣ខ្នង ដល់អតីតយុទ្ធជន៣គ្រួសារ រួមមាន ទី១៖ឈ្មោះ ជ័យ ចយ ជាជនពិការ, ទី២៖ឈ្មោះ ស សុភ័ក្រ និវត្តន៍ជន និងទី៣៖ឈ្មោះ ឡា វ៉ាន់ មានជីវភាពក្រលំបាក។

ជាមួយគ្នានេះ អតីតយុទ្ធជនទាំង៣គ្រួសារ បានគោរពថ្លែងអំណរគុណសម្តេចទាំងពីរ ដែលផ្ដល់ផ្ទះជូនពួកគាត់ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់មានលំនឹង និងសូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕