(ស្វាយរៀង)៖ នៅពេលតម្លៃដីមាននិរន្តរភាព ក្រុមឈ្មួញរកស៊ីទិញលក់ដី បានរកវិធីគ្រប់បែបយ៉ាង ដើម្បីបង្ខំពលរដ្ឋឲ្យលក់ដីឲ្យពួកគេ ខណៈដែលពលរដ្ឋខ្លះមិនព្រមលក់ដីឲ្យ ក្រុមឈ្មួញទាំងនោះ បានទៅពឹងពាក់មន្ត្រីខិលខូចមួយចំនួន ក្នុងការបង្កបញ្ហាឲ្យពួកគាត់ឈឺក្បាលដូចជា ធ្វើឯកសារមិនមានភាពប្រក្រតីជាន់លើឯកសារដីធ្លីរបស់ប្រជាពលរដ្ឋជាដើម។
ប្រជាពលរដ្ឋ ១១គ្រួសាររស់នៅភូមិអណ្តូងត្របែក ដែលមានដីអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ នៅភូមិនវាលត្មាត ឃុំត្រស់ ស្រុករមាសហែក បានឲ្យអង្គភាព Fresh News ដឹងថា កន្លងមកមានមន្ត្រីខិលខូច និងក្រុមឈ្មួញរកស៊ីដី បានបង្កព្យុះភ្លៀងទៅលើពួកគាត់ដូចជា បានបង្ខំឲ្យពលរដ្ឋលក់ដីទៅឲ្យពួកខ្លួន ទោះបីពួកគាត់បានប្រាប់ថា ដីទំហំ ៥៨៥៨៣ម៉ែត្រការ៉េ គឺបានលក់ទៅឲ្យគេហើយក្តី តែក្រុមឈ្មួញទាំងនេះ នៅតែបំផុសបំផុលគ្មានមូលដ្ឋានច្បាស់លាស់ឲ្យលក់បន្តក្រុមបក្ខពួកខ្លួន។
ពលរដ្ឋបានឲ្យដឹងថា ដោយសារតែពួកគាត់មិនព្រមជឿ និងការញុះញង់ពីក្រុមឈ្មួញដីទាំងនេះ ពួកគេបានរត់ទៅពឹងពាក់ត្រូវដងត្រូវផ្លែ ជាមួយមន្ត្រីជំនាញធ្វើឯកសារដីធ្លីជាន់លើដីពួកគាត់ មិនមានភាពប្រក្រតី រហូតប្តឹងម្ចាស់ដីដែលមានការទទួលស្គាល់ពីភូមិ ឃុំ ស្រុកត្រឹមត្រូវទៅវិញ ហើយក្រុមឈ្មួញដីនេះ យកតែឯកសារថតចម្លងមកប្តឹង ទីបំផុតក្រុមឈ្មួញដីបានដកពាក្យបណ្តឹងវិញ។
ប្រជាពលរដ្ឋបានបន្តទៀតថា បន្ទាប់ពីឈ្មួញដីបានដកពាក្យបណ្តឹង ម្ចាស់ដីដែលបានទិញពីពលរដ្ឋមក ស្រាប់លេចមុខឈ្មោះ ខ្វា សុឆាន់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកន្លែងជ្រៅ ឃុំក្រប៉ៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ចេញមកប្តឹងមិនឲ្យម្ចាស់ដីធ្វើប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធ ដោយសំអាងថា មានលិខិតសំណើសុំខ្ចីដីសហគមន៍ប្រើប្រាស់ដីតាំងពីឆ្នាំ២០០៥កន្លងទៅ។
បើតាមការបញ្ជាក់ពីលោកមេឃុំអណ្តូងត្របែកលោក គង់ វិត ដែលបានដឹងរឿងដីធ្លីនៅភូមិវាត្មាត ជាប់ព្រំប្រទល់ឃុំអណ្តូងត្របែក បានរៀបរាប់ថា រហូតមកដល់ពេលនេះ លោកធ្វើជាមេឃុំនេះ៣ អាណត្តិមកហើយ ដីនេះគាត់ធ្លាប់បានប្រាប់ថ្នាក់ស្រុកម្តងរួចមកហើយ ព្រោះប្រជាពលរដ្ឋនៅភូមិអណ្តូងត្របែករបស់លោក បានមករុករានតាំងក្រោយឆ្នាំ១៩៧៩មកម្ល៉េះ ដើម្បីអាស្រ័យផលដាំ ដំណាំរហូតដល់ពួកគាត់លក់ឲ្យគេនៅឆ្នាំ២០១៧ តែពលរដ្ឋមួយចំនួននៅភូមិវាលត្មាតនេះ បានលួចលក់ឲ្យឈ្មួញបន្តតែពុំមានឯកសារជាក់លាក់នោះទេ។
ចំពោះរឿងថា មានដីសហគមន៍នៅភូមិវាលត្មាតនេះ លោកមិនបានដឹងទេ គឺមានតែនៅភូមិតាសួសវាលវែង តែបើខាងភូមិវាលត្មាតនេះអត់មានទេ។ លោកយល់ថា រឿងនេះអត់ពិតក្លែងបន្លំទាំងស្រុង មិនដែលធ្លាប់បានខ្ចីដីពីសហមគន៍អ្វីនោះទេ គឺដីរបស់ប្រជាពលរដ្ឋសុទ្ធសាធ។
លោកមេឃុំបានសំណូមពរទៅអាជ្ញាធរស្រុក និងខេត្ត ធ្វើយ៉ាងរកយុត្តិធម៌ឲ្យបានត្រឹមត្រូវចំពោះដីភូមិវាលត្មាតនេះ និងសូមស្នើរសុំមន្ទីរជំនាញ និងអាជ្ញាធរជួយពន្លឿនធ្វើប្លង់កម្មសិទ្ធិដល់ម្ចាស់ដី ដែលបានទិញពីពលរដ្ឋស្របច្បាប់ផង និងត្រូវមានវិធានការណ៍ផ្លូវច្បាប់ ទៅក្រុមបង្កបញ្ហា មិនចេះចប់មិនហើយលើប្រជាពលរដ្ឋយ៉ាងគឃ្លើន។
ទោះបីយ៉ាងណា ប្រជាពលរដ្ឋបានសំណូមពរផងដែរទៅអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសអភិបាលខេត្តស្វាយរៀងមេត្តា ពិនិត្យមើលឯកសារភាពត្រឹមត្រូវទៅលើឯកសារអ្នកប្តឹងផង ព្រោះក្រុមឈ្មួញដីរកស៊ីគក់ជេរដី យកតែឯកសារថតចម្លងទៅដើរប្តឹងគេឯង ហើយមានមន្ត្រីខិលខូចនៅពីក្រោយ ដូច្នេះសូមជួយពិនិត្យមើលលោកប្រធានសុរិយោដីស្រុករមាសហែកផង ដូចជា មិនសូវស្រួលទេដោយត្រូវរ៉ូវ និងឈ្មួញគក់ជេរដីខ្លាំងណាស់ ធ្វើឲ្យពលរដ្ឋដេកមិនលក់បក់មិនល្ហើយដោយមន្ត្រីជំនាញបើកភ្លើងខៀវ ឲ្យឈ្មួញដីសម្បើមណាស់គួរហៅប្រធានរូបនេះ ទៅសួរនាំម្តង។
ពាក់ព័ន្ធទៅនិងរឿងរ៉ាវដីធ្លីនៅភូមិវាលត្មាត ឃុំត្រស់ស្រុករមាសហែកនេះ អង្គភាព Fresh News នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ មិនរកការបំភ្លឺពីប្រធានភូមិបាលស្រុករមាសហែក និងអភិបាលស្រុករមាសហែកបានទេ។
យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់សាលាខេត្តស្វាយរៀង បានបញ្ជាក់ថា ក្រោយមានការតវ៉ា និងស្នើសុំពីប្រជាពលរដ្ឋមកនោះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បាននិងកំពុងធ្វើការ ដោះស្រាយជូនហើយ ដើម្បីផ្តល់យុត្តិធម៌ និងដំណោះស្រាយជូនពួកគាត់។ មន្រ្តីរូបនេះ បានបន្តថា លោកអភិបាលខេត្ត មិនបានទុកឲ្យប្រជាពលរដ្ឋ រងគ្រោះដោយប្រការណា មួយនោះឡើយចំពោះបញ្ហាដីធ្លីទាំងនេះ។
ប៉ុន្តែពលរដ្ឋថា ចាប់តាំងពីលោក ស៊ូ ម៉ុល ឡើងកាន់ដំណែងជាអភិបាលស្រុករមាសហែកបានប៉ុន្មានខែនេះ លោកបានយកចិត្តទុកដាក់ និងដោះស្រាយទុកកង្វល់របស់ពលរដ្ឋនៅមូលដ្ឋាន បានច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសបញ្ហាដីធ្លី ពលរដ្ឋសង្ឃឹមថា អាជ្ញាធរនឹងមានការដោះស្រាយដោយតម្លាភាព និងយុត្តិធម៌រឿងដីពលរដ្ឋ១១គ្រួសារ នៅចំណុចទីតាំងក្នុងភូមិវាលត្មាតបានធ្វើប្លង់ជាកម្មសិទ្ធិស្របច្បាប់៕