(ភ្នំពេញ)៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំក្រសួងអប់រំ យុវជន និងកីឡា មានរៀបចំសិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តបង្ការ ទប់ស្កាត់អំពេីជួញដូរមនុស្ស និងគ្រោះថ្នាក់បង្កដោយការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាព លោក ស សុខា រដ្ឋលេខាធិការ តំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ពិធីនេះក៏បានប្រព្រឹត្តិទៅដោយមានការអញ្ជេីញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស និងតំណាងមន្ទីរ អង្គភាព ជាសមាជិកគណកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿញៀន និងប្រឆាំងជួញដូរមនុស្សក្នុងវិស័យអប់រំទាំង២៥រាជធានី-ខេត្ត។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រឆាំងការជួញដូរមនុស្ស ប្រចាំក្រសួងអប់រំ យុវជន និងកីឡា បានធ្វេីសេចក្តីរាយការណ៍ពីវឌ្ឍនភាព ការងារបង្ការទប់ស្កាត់ បញ្ហាគ្រឿងញៀន និងបញ្ហាជួញដូរមនុស្ស សំដៅពង្រឹងគុណភាព ប្រសិទ្ធភាពធនធនមនុស្សនៅកម្ពុជា។
ព្រមជាមួយគ្នានោះ លោក សាម៉ន បណ្ឌិត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានថ្លែងថា វិស័យព័ត៌មានដេីរតួនាទីសំខាន់ក្នុងការចូលរួមផ្សាយព័ត៌មានចំណេះដឹង ទូទៅនានា និងច្បាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងបញ្ហាជួញដូរមនុស្សដល់ប្រជាពលរដ្ឋបានយល់ដឹង។
ទន្ទឹមគ្នានេះដែរ លោកស្រីឧត្តមសេនីយ៍ឯក ប៉ុន សំខាន់ អគ្គលេខាធិការ គណកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា អំពេីជួញដូរមនុស្ស គឺជាបទល្មេីសឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដែលតម្រូវឲ្យមានការប្រឆាំងទប់ស្កាត់ ការជួញដូរនិងសង្រ្គោះជនរងគ្រោះពីអំពេីជួញដូរគ្រប់ទម្រង់។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងសាទរពីវឌ្ឍនភាព និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធដែលបានចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន ដេីម្បីប្រយោជន៍រួម គោលដៅតែមួយ គឺកសាងបាននូវធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាធនធានបន្តវេនដ៏មានសក្តានុពលរបស់ប្រទេសជាតិ។
ក្នុងចំណាប់អារម្មណ៍ របស់មន្ទីរក្រសួងអប់រំ យុវជន និងកីឡា ខេត្តកោះកុង បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង រាជធានីភ្នំពេញ កណ្តាល និងអង្គការភ្លេន Plan សុទ្ធតែ បានបង្ហាញពីឆន្ទៈ ចូលរួមបង្ការ ទប់ស្កាត់បញ្ហា គ្រឿងញៀន និងបញ្ហាជួញដូរមនុស្ស ដេីម្បីអនាគតកូនចៅយេីង។
លោក ស សុខា បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងការជួញដូរមនុស្ស និងសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធទាំងអស់ យុវកាយរឹទ្ធិ កាកបាទក្រហម សិល្បករ សិល្បការិនី ពិធីករ ពិធីការិនី សង្គមស៉ីវិល សូមបន្តចូលរួមទាំងអស់គ្នាឲ្យបានសកម្មជាប់ជាប្រចាំដូចភ្លៀងរលឹម ដេីម្បីសុវត្ថិភាពសហគមន៍៕