(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបិទមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ-សម័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាបុណ្យជាតិ ៧មករា ២០២០ ក្រោមអធិបតីភាពឯលោក ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាព សិល្បករ ប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
ពិធីបិទមហោស្រព បានធ្វើឡើងនៅរាត្រីថ្ងៃ៩ ខែមករា ឆ្នាំ២០២០។
លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានធ្វើរបាយការណ៍អំពីមហោស្របសិល្បៈប្រលងចម្រៀង បុរាណ-សម័យបានដំណើរការ អស់រយៈពេល ៣យប់ ប្រកបដោយជោគជ័យនៅយប់ថ្ងៃទី១ និងថ្ងៃទី២ បានជ្រើសរើសយកបេក្ខជនបេក្ខនារីផ្នែកចម្រៀងសម័យចំនួន ២៧នាក់ស្រី ១០នាក់ ផ្នែកចម្រៀងបុរាណមានចំនួន ៣នាក់ ស្រី ២នាក់ បានឡើងទៅធ្វើការជម្រុះជុំទី២ នៅយប់ថ្ងៃទី៣ គណៈកម្មការបានដាក់បេក្ខជន បេក្ខនារី ចម្រៀងសម័យចំនួន ១៤នាក់ ស្រី ៧នាក់ ដើម្បីជ្រើសរើសយកអ្នកដែលមានស្នាដៃ និងទេពកោសល្យខ្ពស់ ទទួលបានចំណាត់ថ្នាក់ជ័យលាភី សម្រាប់ឲ្យមហោស្របប្រឡងចម្រៀងបុរាណសម័យឆ្នាំនេះ។
ជាមួយគ្នានេះដែរ លោកស្រី លំ គន្ធារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អាជីវករ អង្គភាពស្ថាប័នជុំវិញខេត្ត ដែលបានគាំទ្រទាំងសម្ភារៈ និងថវិកាដើម្បីញ៉ាំឱ្យមន្ទីរវប្បធម៌ខេត្តកំពង់ធំ បានរៀបចំកម្មវិធីសិល្បៈប្រឡងចម្រៀង ដើម្បីអបអរសាទរទិវាបុណ្យជាតិ ៧មករា ម្យ៉ាងវិញទៀតដើម្បីរកឱ្យឃើញនូវបេក្ខជន បេក្ខនារីដែលមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈដើម្បីជាអ្នកបន្តវេនទៅថ្ងៃអនាគត។ ការធ្វើហោស្របសិល្បៈប្រលងចម្រៀងជារៀងរាល់ឆ្នាំ គឺសំដៅធ្វើឲ្យវិស័យសិល្បៈ វប្បធម៌របស់ជាតិយើង ត្រូវបានអភិរក្ស និងអភិវឌ្ឍតាមដំណាក់កាលនីមួយៗ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។
លោកស្រី លំ គន្ធារី បានចាត់ទុកថា ឆ្លងតាមរយៈមហោស្រពនេះ ក៏បានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ក្មួយៗ ក្នុងការបណ្ដុះស្មារតីខាងសិល្បៈដើម្បីបន្តវេនពីរៀមច្បងមុនៗ។ លោកស្រីបញ្ជាក់ផងដែរ ថាវប្បធម៌សិល្បៈខ្មែរក្រោយថ្ងៃជ័យជម្នះ ៧មករា បានចាប់ផ្ដើមបន្តតួនាទីរបស់ខ្លួនឡើងវិញ ដោយឆ្លុះបញ្ចាំងនូវទិដ្ឋភាពសង្គមគ្រប់ជំនាន់មានការជ្រើសរើស អប់រំពីស្មារតី ស្នេហាជាតិមាតុភូមិ និងបំផុសស្មារតីត្រៀមប្រយុទ្ធប្ដូរផ្ដាច់ការពារបូរណភាពទឹកដី ការពារជីវភាពប្រជាជន និងអរិយធម៌ដ៏រុងរឿងរបស់ជាតិ និងស្មារតីកសាងសង្គមថ្មី ប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ទាំងស្មារតីប្រុងប្រយ័ត្ន ចំពោះឧបាយកលទាំងឡាយ ដែលបំណងបំផ្លាញវប្បធម៌ធ្វើឱ្យរាំងស្ទះដល់ដំណើរការរីកចម្រើនរបស់ប្រទេសជាតិ។
លោកស្រី លំ គន្ធារី បានបន្តថា ចម្រៀងគឺជាផ្នែកមួយសំខាន់សាមញ្ញ និងមានប្រជាប្រិយភាពនៃវប្បធម៌ ដូច្នេះចម្រៀងត្រូវមានលក្ខណៈឆ្លុះបញ្ចាំង នូវទិដ្ឋភាពសង្គមមានចរិតអប់រំនិងបំផុសស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងចរិតអភិរក្សនូវសិល្បៈ វប្បធម៌ប្រពៃណី ដូចផ្នែកដទៃទៀតនៃវប្បធម៌ដែរ។ លោកស្រីថ្លែងបន្ថែមថា ក្នុងដំណាក់កាលនៃសកលភាវូពាណិជ្ជកម្ម និងបច្ចេកវិជ្ជាទំនើប ការជ្រៀតជ្រែកនូវវប្បធម៌និងអរិយធម៌បរទេស តាមគ្រប់រូបភាព គឺមានសភាពការគួរឲ្យព្រួយបារម្ភ ភាពទំនើប ភាពទាន់សម័យ គឺជាធ្នាក់ដែលទាក់ទាញយុវជនយុវនារី ឱ្យមានអារម្មណ៍ភ្លើតភ្លើនហើយឈានទៅទទួលយកដោយមិនដឹងខ្លួន ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ វប្បធម៌អរិយធម៌ប្រពៃណីទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណជាដួងព្រលឹង ពណ៌សម្បុររបស់ជាតិ ដូច្នេះទាំងអស់គ្នាត្រូវប្ដេជ្ញាការពារឲ្យបាន។
គួរបញ្ជាក់ផងដែរថា ចំណាត់ថ្នាក់ជ័យលាភីផ្នែកចម្រៀងសម័យលេខ១ បានទៅបេក្ខជនឈ្មោះ អៀត ចម្រើន ច្រៀងបទផ្ការីកក្នុងចិត្ត និងចំណាត់ថ្នាក់លេខ១ បេក្ខនារី បានទៅឈ្មោះ សូរហ៊ាន រតនា ច្រៀងបទ ម្លប់ក្រោមដើមជ្រៃ៕