Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យលទ្ធភាពសាងសង់ផ្លូវជូនពលរដ្ឋ នៅស្រុកបាធាយ ប្រវែង៤,០០០ម៉ែត្រ

10-01-2020 16:36

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញ មន្ទីរអង្គភាព ជុំវិញខេត្ត ចុះពិនិត្យសិក្សាលទ្ធភាពសាងសង់ផ្លូវជូនប្រជាពលរដ្ឋ ប្រវែង៤០០០ម៉ែត្រ ស្ថិតនៅភូមិមេព្រីង ឃុំមេព្រីងស្រុកបាធាយ ខេត្តកំពង់ចាម។

តាមមន្ត្រីសាលាខេត្តបានឱ្យដឹងថា ការចុះសិក្សានេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់ប្រជាពលរដ្ឋ ក្នុងពេលធ្វើវេទិការសាធារណៈ នៅភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ កាលពីចុងឆ្នាំ ២០១៩កន្លងទៅនេះ អំពីការខ្វះទឹកដាក់ស្រែ និងខ្លះផ្លូវធ្វើដំណើឆ្លងកាត់ ដើម្បីប្រជាពលរដ្ឋងាយស្រួល ក្នុងការដឹកជញ្ជូនកសិផលដែលផលិតបានមកកាន់ទីផ្សារ ហើយរយៈពេលខ្លីកន្លងទៅនេះ ខាងមន្ត្រីទីចាត់ការផែនការ វិនិយោគខេត្កកំពង់ចាម បានចុះទៅសិក្សាជាមួយក្រុមការងារថ្នាក់ស្រុក ក្រុមការងារថ្នាក់ឃុំ ជំហានដំបូងរួចហើយ។

ប៉ុន្តែទោះជាយ៉ាងនោះក្តី នៅព្រឹកថ្ងៃទី១០ ខែមករានេះ លោកអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ដើម្បីចុះសិក្សាពិនិត្យមើលលទ្ធភាពជាក់ស្ដែង ដើម្បីដោះស្រាយសាងសង់ផ្លូវជូនប្រជាពលរដ្ឋ។

មន្ត្រីសាលាខេត្តដឹងទៀតថា ក្នុងបេសកកម្មរយៈពេលមួយថ្ងៃ របស់អាជ្ញាធរខេត្តកំពង់ចាមនេះ លោក អ៊ុន ចាន់ដា បានចុះពិនិត្យស្ថានភាព លើកិច្ចការផ្សេងទៀតដូចជា៖ បញ្ហាសន្តិសុខ និងការរស់នៅរបស់ប្រជាពលរដ្ឋ នៅឃុំកងតាណឹង ស្រុកកងមាសផងដែរ។ បន្ទាប់មក លោកអភិបាលខេត្តបានបន្តដំណើរចុះពិនិត្យមើលផ្លូវបេតុង ដែលសាងសង់រួចប្រវែង ១៩៥០ម៉ែត្រ បានសាងសង់រួច ស្ថិតនៅភូមិអូរម៉ាល់ ក្នុងស្រុកបាធាយ និងពិនិត្យមើលលទ្ធភាពផ្សេងៗទៀត ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ៕