(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ បានអះអាងថា ក្នុងនាមតំណាងឱ្យរដ្ឋាភិបាល លោកមិនខ្លាចការលើកឡើងនូវការរិះគន់របស់ប្រជាពលរដ្ឋដែរ ទោះល្អ ឬមិនល្អ គឺយើងស្តាប់ទាំងអស់ដើម្បីរួមគ្នាដោះស្រាយ។
ការអះអាងបែបនេះរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញបើកវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ នៅភូមិសំបូ ឃុំស្តៅ ស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ។ នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា មានក្តីសោមនស្សរីករាយណាស់ ដោយឃើញបងប្អូនប្រជាពលរដ្ឋច្រើនគ្នា មានភាពក្លាហានណាស់ បានលើកជាយោបល់ដែលមានជាសំណួរ និងបញ្ហាជាច្រើនបានចោទឡើងដែរ។
ទេសរដ្ឋមន្ត្រី មាស សុភា បានបន្តថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលគោលដៅសំខាន់បំផុត គឺឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង តាមរយៈការខិតខំជំរុញវិស័យអាទិភាពរួមមាន៖ វិស័យផ្លូវថ្នល់ អគ្គិសនី ទឹក និងវិស័យអប់រំ សុខាភិបាល...ជាដើម។
លោកបន្តទៀតថា ក្នុងឃុំរបស់យើងនេះ គឺខុសពីឃុំផ្សេង ដោយសារយើងមានការពាក់ព័ន្ធ និងតំបន់អភិរក្ស លោកថាប្រទេសភាគច្រើន គឺមានការព្រួយបារម្ភកង្វល់អំពីបញ្ហាព្រៃសហគម បញ្ហាតំបន់អភិរក្ស ហើយគោលបំណងដែលយើងអភិរក្សនេះ គឺធ្វើឱ្យគង់វង្សព្រៃឈើរបស់យើង គង់វង្សនៅសត្វព្រៃ ដែលសត្វមួយចំនួន គឺជាប្រភេទសត្វកម្រ។
ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើការជំរុញឱ្យជំនាញត្រូវរាយការណ៍ក្រសួង ដើម្បីធ្វើការបែងចែកតំបន់ ឱ្យបានច្បាស់លាស់។ កន្លែងណាដែលមានផលប៉ះពាល់ កន្លែងណាត្រូវស្នើសុំប្តូរទីតាំង ដើម្បីឈានទៅដល់ការផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋផុតកង្វល់។ ឥលូវពួកគាត់នៅតែកង្វល់ ដោយសារចង់ធ្វើអី ក៏មិនបានហើយលោកសន្យាថា និងរាយការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាកង្វល់ របស់ប្រជាពលរដ្ឋឱ្យបានលឿន។
ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានធ្វើការណែនាំឱ្យជំរុញនីតិវិធីកំណត់៤តំបន់ឱ្យច្បាស់ ហើយចែកឱ្យគាត់ត្រឹមណា និងផ្តល់កម្មសិទ្ធឱ្យគាត់ គឺចប់រឿងហើយ។ តំបន់អភិរ័ក្សក៏យើងរក្សាបាន ហើយប្រជាពលរដ្ឋក៏លែងថ្នាំងថ្នាក់។ លោកបន្តថារាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា គឺតែងតែគិតគូរជានិច្ចអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងតែងចុះដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋទទួលបានជោគជ័យ។
ជាក់ស្តែង តាមរយៈអង្គវេទិកាសាធារណៈនេះ គឺបានដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋបានមួយចំនួនធំដូចជា៖ បញ្ហាស្ពាន២កន្លែង ដែលប្រជាពលរដ្ឋសំណូមពរ គឺលោក សំ លាងទ្រី ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី លោកសន្យា និងធ្វើស្ពានដែកបាឡេជូន ហើយសំណូមពរធ្វើផ្លូវ គឺមន្ទីរអភិវឌ្ឍន៍ជនបទសន្យា និងធ្វើជូនរួមនឹងសំណូមពរជាច្រើន គឺត្រូវបានដោះស្រាយ និងផ្តល់ជូនក្នុងវេទិការសាធារណៈនេះ៕