(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការបិទចរាចរណ៍រថយន្ដធុនធំគ្រប់ប្រភេទកម្ពស់ចាប់ពី២.៥ម៉ែត្រ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវខេត្តលេខ៣៧៧ ចាប់ពីរង្វង់មូលរូបព្រាប ដល់ទីរួមស្រុកសំបូរ ខេត្តក្រចេះ ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០តទៅ។
បើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការបិទចរាចរណ៍នេះព្រោះទីតាំងខាងលើ មានស្ពានដែលរងការខូចខាត និងចាស់ទ្រុឌទ្រោមដែលនឹងត្រូវធ្វើការសាងសង់។
ដើម្បីធានាដល់ការប្រើប្រាស់ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ រដ្ឋបាលខេត្តក្រចេះ នឹងតម្លើងបារ៉ាស់បិទចរាចរណ៍រថយន្ដធុនធំគ្រប់ប្រភេទ កម្ពស់២.៥ម៉ែត្រ កាត់ទទឹងស្ពានចំនួន៤កន្លែង រួមមាន៖ ស្ពានអណ្ដែងដួន និងស្ពានក្រគរ ស្ថិតក្នុងក្រុងក្រចេះ, ស្ពានកាំពី ស្ថិតក្នុងស្រុកចិត្របុរី និងស្ពានអាហារ ស្ថិតក្នុងស្រុកសំបូរ៕