(ភ្នំពេញ)៖ បន្ទាប់ពីកម្មករស៊ីនទ្រីធ្វើកូដកម្មកាលពីយប់ មិនបញ្ចេញកម្លាំងមកប្រមូលសំរាម តាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញមកនោះ ធ្វើឲ្យសំរាមកកស្ទះតាមខណ្ឌនោះ ទើបនៅព្រឹកព្រលឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដឹកនាំកម្លាំងចម្រុះ ចុះធ្វើអនាម័យបរិស្ថានដោយប្រមូលសំរាមនៅតាមដងផ្លូវនានា និងតាមដងមហាវិថីនានា នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។
លោក ធឹម សំអាន បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌ សង្កាត់ និងកម្លាំងនៅតាមបណ្ដាផ្សារនីមួយៗ ចុះមកប្រមូល និងដឹកជញ្ជូនសំរាមតាមដងផ្លូវ និងតាមដងមហាវិថីនានា ដែលគេយកមកចាក់គរតាមចិញ្ចើមផ្លូវ និងតាមដេរប៉ូសំរាមក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដែលមានការកកស្ទះសំរាម ដោយចាក់សំរាមគរទុកចោលយូរច្រើនថ្ងៃ មកហើយដោយប្រើប្រាស់ឡានដឹកសំរាម និងរឺម៉ក់ម៉ូតូដឹកយកសំរាមចេញពីតាមដងផ្លូវយកទៅចាក់ចោលនៅគំនរសំរាមនៅឯជាយក្រុងភ្នំពេញ។
លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានឲ្យដឹងទៀតថា ចំពោះការងារចុះធ្វើអនាម័យ បរិស្ថានដោយប្រើប្រាស់កម្លាំងចម្រុះចុះដើរប្រម៉ែប្រមូលសំរាម និងកាកសំណល់នៅតាមដងផ្លូវនានា ដែលកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះសំរាមដែលគេគរទុកតាមដងផ្លូវយូរអាចហូរចូលស្ទះប្រពន្ធ័លូ និងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់មូលដ្ឋានខណ្ឌបឹងកេងកង ទាំងមូលផងដែរ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៩ ខែមករា នេះ កម្មករស៊ីនទ្រី រួមមាន៖ អ្នកបើកបររថយន្តដឹកសំរាម និងកម្មករ បានធ្វើកូដកម្មមិនព្រមចេញប្រមូលសំរាម ដែលធ្វើឲ្យមានការអាក់ខានក្នុងការប្រមូលសំរាម៕