(កំពង់ឆ្នាំង)៖ «វត្តភ្នំខ្លា» ស្ថិតនៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាវត្តមួយដែលពីមុនឈ្មោះ «ភ្នំក្លាយ» តែព្រះសង្ឃគង់នៅទីនោះធ្លាប់បានឃើញសត្វខ្លា ក៏ប្រែឈ្មោះមកភ្នំខ្លាតែម្តង រហូតមកដល់ពេលនេះ។

ទីវត្តអារាមដែលស្ថិតនៅជើងភ្នំតូចមួយនេះ មានការខ្វះខាតនៅឡើយ ដោយព្រះវិហារមិនទាន់សង់រួច រីឯសាលាឆាន់វិញនៅប្រកស្លឹក និងធ្វើពីឈើ ហើយសព្វថ្ងៃនេះមានព្រះសង្ឃត្រឹម ៤អង្គ (នេន ២អង្គ) អមដោយជីដូនម្នាក់អាយុ៧០ប្លាយ នៅចាំជួយរៀបចង្ហាន់ជូនព្រះសង្ឃ។ ពេលខ្លះដាច់ចង្ហាន់ ព្រះចៅអធិការវត្ត និងព្រះសង្ឃ ព្រមទាំងជីដូន បានទៅបេះបន្លែនៅក្នុងវត្ត ដូចជាត្រកួតជាដើម យកមកឆាជាមួយប្រេងខ្យង ដើម្បីឆាន់ និងបរិភោគសម្រាប់មួយពេល។

ដោយស្ថានភាពបែបនេះ ព្រះសង្ឃ និងគណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើង «វត្តភ្នំខ្លា» នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានផ្ដល់បទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News ជុំវិញការខ្វះខាតក្នុងការកសាងសមិទ្ធផលផ្សេងៗ ក្នុងទីអារាមមួយនេះ ដែលកំពុងតែជួបការខ្វះខាតដោយពុំមានថវិកាដើម្បីកសាងសាលាឆាន់ សម្រាប់ពុទ្ធបរិស័ទមកធ្វើបុណ្យ និងកុដិមួយខ្នង សំរាប់ព្រះសង្ឃគង់នៅ។

ជួបជាមួយព្រះចៅអធិការវត្តភ្នំខ្លា ព្រះអង្គព្រះនាម ជុំ វាសនា បានមានសង្ឃដីកាឲ្យដឹងថា វត្តនេះគឺបានកសាងឡើងតាំងពីឆ្នាំ ២០១៣មកម្ល៉េះ បើគិតមកដល់ថ្ងៃនេះ គឺមានអាយុកាល ៧ឆ្នាំមក ហើយ។ បច្ចុប្បន្នមានព្រះសង្ឃគង់នៅក្នុងវត្តនេះចំនួន ៤អង្គ វត្តនេះអត្តខាត់ណាស់ ដោយសារតែពុំសូវមានពុទ្ធបរិស័ទមកធ្វើបុណ្យនោះទេ ព្រោះវត្តនេះស្ថិតនៅជើងភ្នំដាច់ស្រយាលពីភូមិ ឋានរបស់ពុទ្ធបរិស័ទ ម្យ៉ាងដោយមានការខ្វះខាត មិនមានរោងកោនសម្រាប់ឲ្យពុទ្ធបរិស័ទមកធ្វើបុណ្យដើម្បីជ្រកស្នាក់នៅផង។

រយៈពេលប៉ុន្មានឆ្នាំនេះទាំងព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រមូលបច្ច័យដែលបានមកពីការធ្វើបុណ្យផ្កា ក៏ដូចជា អង្គកឋិនទាន និងបច្ច័យរបស់ពុទ្ធបរិស័ ទជិតឆ្ងាយដែលបានចូលរួមក្នុងការកសាងផ្សេងៗ ដើម្បីប្រមូលយកមកសង់ជាសាលាឆាន់មួយខ្នង ដែលមានទំហំ ២០ គុណនឹង ២៨ម៉ែត្រ តែសាលាឆាន់នេះផងដែរ ធ្វើអស់រយៈពេលជាច្រើនឆ្នាំ មកហើយ ទើបតែបាន ៤០ភាគរយប៉ុណ្ណោះ ដោយមិនមានថវិកា ដើម្បីសាងសង់ជាបន្តទៀតនោះឡើយ។ ពោលនៅខ្វះដំបូលទាំងស្រុងដែលមានទំហំ ១០០០ម៉ែត្រការ៉េ បើគិតជាថវិកាគឺនៅខ្វះ ១៥០០០ដុល្លារទៀត ចំពោះតែដំបូល (ប្រក់ស័ង្កសី) រីឯព្រះវិហារ គឺបានសាងសង់រួចរាល់ជាស្ថាពរហើយ ដែលជាកូនវិហារតូចមួយ នៅលើកំពូលភ្នំនេះតែម្ដង។

ដោយឡែកុដមួយខ្នងដែលត្រូវការចាំបាច់ សម្រាប់ព្រះសង្ឃគង់នៅ គឺមិនទាន់មានគម្រោងនៅឡើយទេ ដោយសារតែមិនទាន់មានខ្ទង់ចំណាយនៅឡើយ បច្ចុប្បន្នព្រះសង្ឃគង់នៅក្នុងរោង សាលាឆាន់ ដែលធ្វើអំពីឈើកប់ដីដំបូលប្រក់ស្លឹកត្នោតសិន នៅពេលដែលសាលាឆាន់ធ្វើហើយជាស្ថាពរ ទើបឲ្យព្រះសង្ឃទៅគង់នៅក្នុងសាលាឆាន់ ជាបណ្ដោះអាសន្នទំរាំថ្ងៃណាបានកុដិ។

ព្រះសង្ឃ និងគណៈកម្មការអាចារ្យ ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើង «វត្តភ្នំខ្លា» បានសំណូមពរដល់ពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសសប្បរជននានា ដែលលោកគោរពស្រឡាញ់ព្រះពុទ្ធសាសនា ដែលមានទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងការជួយចាប់មគ្គផលកសាងទីអារាមនេះ ដែលកំពុងតែជួបការខ្វះខាត់នោះក៏សូមគោរពអញ្ជើញ មកដោយផ្ទាល់ និងជួយចាប់មគ្គផលក្នុងការកសាងសាលាឆាន់ ក៏ដូចជា កុដិដែលជាតម្រូវការចាំបាច់របស់ព្រះសង្ឃសម្រាប់គង់នៅក្នុងទីអារាមនេះទៅតាមកម្លាំងសទ្ធា។

សូមបញ្ជាក់ថា «វត្តភ្នំខ្លា»នេះ មានទីតាំងស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពោលមានចម្ងាយ ១២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ដោយធ្វើដំណើរតាមផ្លូវ ជាតិលេខ ៥៣ពីកំពង់ឆ្នាំង ទៅរ៉ារមាស ក្នុងស្រុកទឹកផុស ខាងជើងវត្តព្រះរាមរង្សីចម្ងាយ ១គីឡូម៉ែត្រ។ បើសិនសប្បុរសជនទាំងឡាយ ចង់ចូលរួមបរិច្ចាគអាចទាក់ទងលេខទូរស័ព្ទ ព្រះចៅអធិការវត្តបានតាមរយៈលេខ 087 652 334 និង 097 3 544 744៕