(ភ្នំពេញ)៖ ក្រោយទទួលបានការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក រស់ សុភក្តិ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ ចុះប្រមូលសំរាមនៅគ្រប់ទីតាំងទាំងអស់ ដែលប្រជាពលរដ្ឋយកសំរាមមកចាក់គរទុកនៅក្នុងមូលដ្ឋាន ពិសេសផ្លូវជាតិលេខ១។
លោក រស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌ បានឲ្យដឹងថា ការងារនេះអាជ្ញាធរខណ្ឌ បន្តចុះធ្វើជាប្រចាំឲ្យដូចភ្លៀងរលឹមមិនថាថ្ងៃ ឬយប់នោះទេ តួយ៉ាងដូចពេលនេះអ៊ីចឹង ពិសេសនាថ្ងៃចុងសប្ដាហ៍ គឺកម្លាំងសណ្តាប់ខណ្ឌ ចុះប្រមូលសំរាមមិនមានកកស្ទះនោះឡើយ។
ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌ ក៏បានអំពាវនាវដោយសំណូមពរទៅដល់បងប្អូនប្រជាជនទូទៅ និងបងប្អូនអាជីវករសូមមេត្តាវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងចូលរួមបោសសម្អាត ធ្វើអនាម័យ បរិស្ថានដើម្បីទីក្រុងយើងឲ្យកាន់តែល្អប្រសើរមានផាសុខភាពផងដែរពោល គឺទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៩ ខែមករា នេះ កម្មករស៊ីនទ្រី រួមមាន៖ អ្នកបើកបររថយន្តដឹកសំរាម និងកម្មករ បានធ្វើកូដកម្មមិនព្រមចេញប្រមូលសំរាម ដែលធ្វើឲ្យមានការអាក់ខានក្នុងការ ប្រមូលសំរាម។
គួរំលឹកដែរថា បញ្ហាកកស្ទះក្នុងការប្រមូលសំរាមនេះ ខាងក្រុមហ៊ុនស៉ីនទ្រី បានចេញសេចក្តីជូនដំណឹងដែលមានខ្លឹមសារដូច្នេះថា សូមជំរាបជូនដំណឹងដល់ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋ ទូទាំងរាជធានីភ្នំពេញមេត្តាជ្រាបថា ក្រុមហ៊ុនបានរៀបចំបើកប្រាក់ឈប់សំរាកប្រចាំឆ្នាំដែលនៅសល់ មិនទាន់កាលកំណត់ (ដោយជាប់ធ្វើប្រាក់បៀរវត្យខែធ្នូ) ទើបបណ្តាលឲ្យយប់នេះ អ្នកបើកបរកម្មករបានធ្វើកូដកម្មមិនព្រមចេញប្រមូលសំរាម ដែលធ្វើឲ្យមានការអាក់ខានក្នុងការប្រមូលសំរាម។
ចំពោះការទាមទារនេះ ក្រុមហ៊ុនកំពុងដោះស្រាយដើម្បីបើកជូនអ្នកបើកបរកម្មករអោយទាន់ពេលកំណត់។ អាស្រ័យដូចបានជំរាបជូនខាងលើ សូមម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាអធ្យាស្រ័យ ដោយក្តីអនុគ្រោះ៕