(កំពង់ធំ)៖ លោក នង វាសនា តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ ចុះជួយស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមរៀបចំប្រារព្ធពីធី អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ - មករា ២០២០) នៅស្រុកសណ្តាន់ ដោយមានការចូលរួមពីសមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។
ថ្លែងក្នុងពិធីនោះ លោក នង វាសនា បានលើកឡើងថា ថ្ងៃ៧មករា ឆ្នាំ២០២០នេះ ជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំ របបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុត បានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោកបានបន្តថា លើមូលដ្ឋានជ័យជម្នះ ៧មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញ នូវភាពជាម្ចាស់លើមាតុភូមិ និងជោគវាសនារបស់ខ្លួន។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមជ័យជម្នះ ៧មករា ថាជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ ជ័យជម្នះ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ ប្រវត្តិសាស្ត្រ។
លោក នង វាសនា បានលើកឡើងថា មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗដូចសព្វថ្ងៃនេះ ដែលធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពាសពេញផ្ទៃប្រទេស ហើយមានឧទារណ៍សម្រាប់ នៅលើប្រទេសជាច្រើនដូចជា ប្រទេសសិង្ហបុរី ប្រទេសជប៉ុន ប្រទេសថៃ ប្រទេសកូរ៉េ និងប្រទេសចិនជាដើម។ ដូច្នេះហើយលោក នង វាសនា ក្នុងសំណូមពរឲ្យប្រជាជនកម្ពុជា ពិសេសបងប្អូនប្រជាពលរដ្ឋនៅស្រុកសណ្តាន់ សូមចូលរួមថែរក្សាសន្តិភាពដែលរកបានដោយការលំបាកនេះ ឲ្យបានគង់វង្សរាប់ពាន់ឆ្នាំទៅមុខទៀត។
លោកសង្កត់ធ្ងន់ថា «សន្ដិភាព គឺជាកត្តាដ៏ចំបងបំផុត ក្នុងការធ្វើឲ្យប្រទេសមានការរីកចម្រើន និងការអភិវឌ្ឍន៍ សូមអរគុណដល់សន្តិភាព»។
អ្នកតំណាងរាស្ត្ររូបនេះ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរំលឹកពីសមិទ្ធិផល និងការលះបង់របស់អ្នកតស៊ូរំដោះជាតិ ដែលបានរំដោះកម្ពុជាឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍ ទម្រាំបានជោគជ័យ និងមានសន្តិភាពដូចសព្វថ្ងៃនេះ។
លោកបានបានបញ្ជាក់ថា ដើម្បីអបអរជ័យជំនះ៧មករា ខួបលើកទី៤១ ដែលមានសន្តិភាពដូចសព្វថ្ងៃ លោកក៏បានបំពាក់នូវអំពូលភ្លើងសូឡា នៅតាមដងផ្លូវសួនច្បារ និងនៅតាមដងស្ទឹងសែន ក៏ដូចជានៅតាមស្ពានហ៊ុនសែន ស្រុកសណ្ដាន់ និងបំពាក់អំពូលភ្លើងនៅឃុំទំរីង ដែលជាឃុំមួយដាច់ស្រយាល ដែលមានចម្ងាយ៩៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំផងដែរ។
លោកបញ្ជាក់ទៀតថា នៅក្នុងឃុំទំរីងនេះ ដែលកើតចេញពីសមិទ្ធិផលសន្តិភាព ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ ហ៊ុន សែន នៅដើមទស្សវត្សឆ្នាំ២០០១ ដើម្បីបង្កើតតំបន់ស្នូលសេដ្ឋកិច្ចកៅស៊ូមួយ ដែលកើតចេញពីចំការកៅស៊ូ និងមានរោងចក្រកែច្នៃ ដែលអាចបង្កើតទៅជាឧស្សាហកម្មកៅស៊ូ សម្រាប់ខេត្តកំពង់ធំ។
លោកបន្តថា បច្ចុប្បន្ននេះឃុំទំរីងក៏ក្លាយជាឃុំមួយ ដែលមានសេដ្ឋកិច្ចខ្ពស់ និងមានប្រជាជនមានជីវភាពធូរធារ ហើយសមិទ្ធិផលទាំងអស់នេះ ហើយដែលកើតចេញពីកត្តាសន្តិភាព សូមអរគុណសន្តិភាព និងសូមថែរក្សាការពារសន្តិភាព៕