(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចតាមឃាត់ម្ចាស់រថយន្ដ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យមនុស្សស្លាប់២នាក់បានហើយ នៅផ្ទះម្ចាស់រថយន្ដផ្ទាល់តែម្ដង ដែលមានទីតាំងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ នេះបើតាមការឲ្យដឹងពី លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។
លោកអធិការខណ្ឌបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការសួរនាំម្ចាស់រថយន្ដ ដើម្បីចាត់ការបន្តទៀត។
បើតាមលោកអធិការ ជនបង្កឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ដោយឡែក នៅក្នុងប័ណ្ណសម្គាល់យានយន្ដ ឈ្មោះ ឆេង ម៉េងលី គឺជាបងជីដូនមួយរបស់ខ្លួន ដោយហេតុថា ខ្លួនមានអាស័យដ្ឋាននៅខេត្ត មិនអាចធ្វើផ្លាកលេខនៅភ្នំពេញបាន ទើបឲ្យបងឈរឈ្មោះឲ្យ។
តែយ៉ាងណានោះ នៅពេលសួរចម្លើយ ម្ចាស់រថយន្តរូបនេះ បានប្រាប់ថា ខ្លួនមិនបានបើករថយន្តនោះទេ គឺជាពូរបស់ខ្លួន ដែលបានបើកកាលពីព្រឹកមិញ។ បច្ចុប្បន្នជនបង្កកំពុងកសាងសំណុំរឿង ដើម្បីត្រៀមបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី។
សូមជម្រាបថា រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Camry ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ ហើយបើករត់គេចខ្លួនបាត់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-4551 ឌុបក្មេងស្រី និងដឹកនំប៉័ងធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ហើយបានឡើងវ៉ា ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះមានរថយន្តហាយប្រ៊ីត មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង។ ចំណែកអ្នកជិះម៉ូតូចំនួន២នាក់ ត្រូវកិន និងអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្ដបានគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ទីតាំង ហើយធ្វើការវាស់វែងយកម៉ូតូ ប្រគល់ឲ្យនគរបាលជំនាញ និងដើម្បីស្រាវជ្រាវតាមចាប់ អ្នកបើកបររថយន្តបង្កយកមកដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពត្រូវបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕