(ភ្នំពេញ)៖ លោកស្រីសាស្រ្តចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានជំរុញ និងណែនាំឲ្យទន្តបណ្ឌិត និងទន្តពេទ្យទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល មិនត្រូវរើសអើងអ្នកជំងឺថាជាអ្នកមាន ឬអ្នកក្រឡើយ គឺត្រូវតែគោរពស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះ អ្នកជំងឺគ្រប់ប្រភេទ។
លោកស្រីថ្លែងបែបនេះក្នុងសន្និសីទ និងការតាំងពិព័រណ៌ទន្តសាស្ត្រ នៃសហគមទន្តពេទ្យកម្ពុជា ឆ្នាំ២០២០នេះ ដែលរៀបចំឡើងដោយសមាគមទន្តពេទ្យកម្ពុជា (CDA) និងសហព័ន្ធទន្តពេទ្យពិភពលោក (FDI) ក្រោមការរួមចំណែកឧបត្ថម្ភ ពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធ នៅសណ្ឋាគារសុខាភ្នំពេញ។
លោកស្រីសាស្ត្រចារ្យបានថ្លែងជំរុញយ៉ាងដូច្នេះថា «ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ទន្តបណ្ឌិត និងទន្តពេទ្យត្រូវតែគោរពស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះ អ្នកជំងឺគ្រប់ប្រភេទ និងមិនត្រូវរើសអើងថាអ្នកមាន ឬអ្នកក្រ ត្រូវគិតថាការឈឺចាប់របស់អ្នកជំងឺ គឺជាការឈឺចាប់របស់យើង ដើម្បីលើកកម្ពស់សុខុមាលភាព គុណភាពនៃជីវិតរបស់ប្រជាជនយើង និងបញ្ហាស្មារតីស្នេហាជាតិ និងឯកភាពជាតិខ្មែរឲ្យរឹងមាំខ្លាំងក្លាឡើងថែមទៀត»។
ជាមួយគ្នានេះ លោកស្រីសាស្រ្តចារ្យបានណែនាំឲ្យ ទន្តបណ្ឌិត និងទន្តពេទ្យត្រូវចេះបង្កើនគុណភាព និងសមត្ថភាព ដោយចាំបាច់ឲ្យទន្តបណ្ឌិតទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែងសិក្សាជាបន្តបន្ទាប់នូវបច្ចេកវិទ្យាថ្មីៗ ពីបណ្តារៀមច្បង ដែលមានបទពិសោធន៍ច្រើន ព្រមទាំងសហការជាមួយទន្តបណ្ឌិតអន្តរជាតិ ដើម្បីបង្កើននូវសមត្ថភាពខ្ពស់ កាន់តែសុក្រិត្យថែមទៀតផងដែរ។
លោកស្រីបានលើកឡើងពីសារៈប្រយោជន៍សុខភាពមាត់ធ្មេញថា ជាចំណែកមួយដ៏មានសារៈសំខាន់ នៃសុខភាពទូទៅរបស់មនុស្សគ្រប់រូប សុខភាពមាត់ធ្មេញបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គម ឲ្យបានលូតលាស់ល្អប្រសើរ ហើយអាចចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយផ្ទុយទៅវិញបើសុខភាពមាត់ធ្មេញមិនល្អ នាំឲ្យខាតបង់ពេលវេលាប្រាក់កាសទ្រព្យធន និងផលប្រយោជន៍ជាច្រើនទៀត រាប់មិនអស់ផងដែរ។
លោកស្រីទន្តបណ្ឌិត សួន ម៉ូនីកា ប្រធានសមាគមទន្តពេទ្យកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ក្នុងសន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រ នៃសមាគមទន្តពេទ្យកម្ពុជា តែងតែមានការអញ្ជើញចូលរួមពីតំណាងក្រសួងសុខាភិបាល ជាគណៈអធិបតីតំណាងការិយាល័យសុខភាពមាត់ធ្មេញ គណៈទន្តពេទ្យកម្ពុជា ថ្នាក់ដឹកនាំ មហាវិទ្យាល័យទន្តសាស្ត្រទាំងអស់ ចូលរួមជាភ្ញៀវកិត្តិយស ហើយនិងមានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យទន្តសាស្ត្រនៃកម្ពុជានេះ
ដែលកំពុងធ្វើដំណើរអភិវឌ្ឍន៍ទៅមុខជាលំដាប់គួរជាទីកត់សម្គាល់។
លោកស្រីបន្តថា ក្នុងសន្និសីទ និងពិព័រណ៍ទន្តសាស្ត្រប្រចាំឆ្នាំលើកទី២០ ក្រោមប្រធានបទ ការអភិវឌ្ឍន៍វិស័យទន្តសាស្ត្រក្នុងសតវត្សទី២១ នេះក៏មានការចូលរួមពីវាគ្មិនល្បីៗទាំងជាតិ និងអន្តរជាតិចំនួន ១៣រូប រួមជាមួយនិងសិក្ខាកាមជាតិ និងអន្តរជាតិចំនួន ៥៥០នាក់ ព្រមទាំងតំណាងក្រុមហ៊ុនចូលរួម តាំងពិព័រណ៍ទន្តសាស្ត្រចំនួន ២៧ក្រុមហ៊ុន សរុបមានជាង ៦៩ស្តង់ ដើម្បីបង្ហាញ់ក៏ដូចជាធ្វើការផ្លាស់ប្ដូរបទពិសោធន៍ គ្នាទៅវិញទៅមកផងដែរ៕