(ភ្នំពេញ)៖ លោក អ៊ុំ សីហា អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម ខេត្តកណ្តាលបានថ្លែងថា មហាជ័យជម្នះជាប្រវត្តិសាស្ត្រ លើរបបបនប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ មានអត្ថន័យធំធេងណាស់ ចំពោះការរស់ឡើងវិញ ការស្ថិតស្ថិរគង់វង្ស និងការរីកចម្រើននៃមាតុភូមិ និងប្រជាជនកម្ពុជា ដែលប្រជាជនកម្ពុជា ចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយថា «ថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្នានជ័យជម្នះ ៧ មករា ក៏គ្មានអ្វីៗនៅថ្ងៃនេះដែរ»

លោក អ៊ុំ សីហា បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកតំណាងលោក គង់ វិបុល អនុប្រធានទី១ ក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម ក្នុងពិធីមិទ្ទិញអបអរសាទរ ខួបអនុស្សាវវីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩៧-៧ មករា ២០២០) នៅស្រុកល្វាឯម ខេត្តកណ្តាល និងដោយមានការចូលរួមពីមន្ត្រីពាក់ពន្ធ័ រួមទាំងប្រជាពលរដ្ឋប្រមាណជិត៥០០នាក់ផងដែរ។

លោក អ៊ុំ សីហា បានបន្ថែមទៀតថា ប្រជាពលរដ្ឋដែលមានអាយុលើសពី៤៧ឆ្នាំ ច្បាស់ជាបានឆ្លងកាត់សម័យកាលដ៏ក្រៀមក្រំរងទុក្ខវេនានេះហើយ ដោយក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានសម្លាប់ប្រជាជនខ្លួនឯងជាង ៣លាននាក់ បានធ្វើឱ្យសង្គមជាតិទាំងមូល ត្រូវរងនូវភាពវិនាសហិនហោចវប្បធម៌ អរិយធម៌ និងធនធានសង្គមស្ទើរតែទាំងអស់ ត្រូវបានបំផ្លាញដល់ឫសគល់ រលាយខ្ទេចខ្ទីទាំងស្រុង។ ប្រជាជនកម្ពុជាត្រូវឃាតកបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង នឹងត្រូវបានចាត់ទុក ជាទាសករ រស់នៅដោយបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូរជាមនុស្ស ហើយរង់ចាំតែពេលពួកវាយកទៅសម្លាប់តែប៉ុណ្ណោះ។

លោក អ៊ុំ សីហា បានបន្ថែមទៀតថា បន្ទាប់ពីផ្តូលរំលំរបបបនក្បត់ ប៉ុល ពត ក្នុងរយៈពេល៤១ឆ្នាំ នៅលើកំណាត់ផ្លូវដ៏បត់បែន លំបាកស្មុគស្មាញ និងតស៊ូប្តូរផ្តាច់របស់ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឈានទៅមុខជាជំហានៗ ជម្នះរាល់ឧបសគ្គ បង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ យ៉ាងច្រើនជូនជាតិមាតុភូមិ ដោយបានសម្រេចស្នាដៃធំៗជាប្រវត្តិសាស្ត្រដូចជា៖

* ទី១៖ មហាជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ បានសង្គ្រោះជាតិឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានទប់ស្កាត់របប យង់ឃ្នងនេះមិនឲ្យវិលត្រឡប់មកកម្ពុជាវិញជាលើកទី២។

* ទី២៖ បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះកម្ពុជានាទីក្រុងបារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។

* ទី៣៖ បានការពារ និងពង្រីកឥតឈប់ឈរ នៅប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស លើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស សម្រេចការបោះឆ្នោត ទាំងសកល និងអសកល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ ប្រកបដោយលក្ខណៈស៊េរី ត្រឹមត្រូវ និងយុត្តិធម៌។

* ទី៤៖ ជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យពួកប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវរលំរលាយទាំងស្រុង ទាំងអង្គការចាត់តាំង នយោបាយ ទាំងអង្គការចាត់តាំងយោធាប្រទេសជាតិទាំងមូល ទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងមូលចាប់ពីចុងឆ្នាំ១៩៩៨មក។

* ទី៥៖ រាជរដ្ឋាភិបាលបានអនុវត្ត កំណែទម្រង់រដ្ឋដ៏ទូលំទូលាយ និងស៊ីជម្រៅប្រកបដោយផ្លែផ្ការួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ ការប្រឆាំងអំពើពុករលួយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈកាល និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ ដីធ្លី ព្រៃឈើ ជុលផល និងបរិស្ថាន។

* ទី៦៖ បានស្តារ និងកសាងសេដ្ឋកិច្ចសង្គមឡើងវិញ ចាប់ពីសូន្យឲ្យមានស្ថិរភាពជាជំហានៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន ជាបន្តបន្ទាប់មកដល់បច្ចុប្បន្ន។ ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាង៧% ក្នុងរយៈពេលជាង២០ឆ្នាំ។

* ទី៧៖ ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវ ស្ថាន មន្ទីរពេទ្យ សាលារៀន វត្តអារាម ត្រូវបានស្ថារ និងកសាងគ្រប់ទីកន្លែងជាក់ស្តែងនៅក្នុងស្រុកល្វាឯម មានការអភិវឌ្ឍ គួរកត់សម្គាល់។

* ទី៨៖ ភាពក្រីក្របានធ្លាក់ចុះពី១០០% ក្នុងរបប ប៉ុល ពត មកនៅក្រោម១០% មកទល់ពេលនេះពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតទាប ក្នុងឆ្នាំ២០១៥ និងក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខ។

* ទី៩៖ អគ្គិសនីមាននៅគ្រប់ទីកន្លែង ហើយរាជរដ្ឋាភិបាលមានគោលនយោបាយ ពង្រីកការផ្គត់ផ្គង់ឱ្យដល់គ្រប់ភូមិ នៅទូទាំងប្រទេសក្នុងរយៈពេលខ្លីខាងមុខនេះ ហើយតម្លៃអគ្គិសនីនឹងបន្តចុះថោកជាបណ្តើរៗទៀត។

* ទី១០៖ រាជរដ្ឋាភិបាល បាននឹងបន្តបង្កើនប្រាក់បៀវត្ស ដល់កម្មកររោងចក្រ មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ ជាបណ្តើរៗ។

* ទី១១៖ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានរឹងមាំ រាំងស្កាត់ឧបាយកលរបស់ពួកប្រឆាំង និងមជ្ឈដ្ឋានអគតិនានាដែលបានប្រើចលនា បដិវត្តន៍ពណ៌ ពិសេសផែនការវិលត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្សី ដែលមានគោលបំណងប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយការពារបាន សង្គមជាតិមិនឲ្យធ្លាក់ទៅក្នុងកលិយុគ អស្ថិរភាព ការបែកបាក់ និងសង្គ្រាមសារជាថ្មីទៀត។

* ទី១២៖ លើកស្ទួចកិត្តិយស កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ លើឆាកអន្តរជាតិ មានចំណងមិត្តភាព និងសហប្រតិបត្តការល្អជាមួយគ្រប់ប្រទេស ដោយមិនប្រកាន់របបនយោបាយ ហើយបានធ្វើឲ្យមានទំនាក់ទំនងជាប្រក្រតីជាមួយអង្គការអន្តរជាតិនានា ទាំងក្របខណ្ឌតំបន់ ក៏ដូចជាពិភពលោក ដែលបាននាំមកនៅ ការគាំទ្រ និងជំនួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍប្រទេស។

* ទី១៣៖ ស្មារតី ៧មករា នៅតែបានចារិកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងសាមគ្គីដ៏ធំធេង ក្នុងការបង្កើតឡើង នូវសមិទ្ធផលនានា លើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល។ ពីមួយឆ្នាំទៅមួយឆ្នាំក្រោមពន្លឺនៃសន្តិភាព និងសេរីភាពព្រះរាជាណាចក្រកម្ពុជាយើង មានការអភិវឌ្ឍលើគ្រប់វិស័យ សមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀត ដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០២០ និងឆ្នាំខាងមុខបន្តបន្ទាប់ទៀត។

មន្ត្រី CPP ចុះជួយស្រុកល្វាឯមរូបនេះ ក៏បានជំរុញឱ្យសមាជិក សមាជិកាបក្ស និងក្រុមការងារចុះជួយមូលដ្ឋានឃុំភូមិ ក្នុងស្រុកល្វាឯម ត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋាន ជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេចនៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ។

ត្រូវពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស (គណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ មណ្ឌល សកម្មភាពបក្ស និងក្រមបក្ស និងរបៀបរបបធ្វើការច្បាស់លាស់ ទើបធានាបាននូវកម្លាំងប្រយុទ្ធ និងប្រសិទ្ធភាពក្នុងការអនុវត្តរាល់គោលការណ៍ គោលនយោបាយ របស់គណបក្ស ហើយត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ និងធ្វើអំពើល្អដើម្បីបង្កើនគុណភាព និងបរិមាណ របស់សមាជិកគណបក្ស ដើម្បីទទួលជ័យជម្នះរាល់ការបោះឆ្នោត៕