(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលតែងតែគិតគូពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលទានប្រចាំថ្ងៃ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារអូឬស្សី ចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំចុះពិនិត្យផ្ទាល់ បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ មន្ត្រីជំនាញបានយកគំរូ២៤ បញ្ជូនមករថយន្តពិសោធន៍ចល័ត ដើម្បីរកនៅសារធាតុគីមី ហាមឃាត់ដូចជា គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច នៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ -ល-។
ជាមួយគ្នានោះ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ក៏បានធ្វើការពន្យល់ណែនាំ ផ្សព្វផ្សាយអប់រំ អំពីសុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា។ លោកបញ្ជាក់ថា ជាលទ្ធផលបានរកឃើញសំណល់ថ្នាំ សំលាប់សត្វល្អិតនៅក្នុងផ្កាខ្ទឹម ទម្ងន់១.៨គីឡូក្រាម ត្រូវបានដកហូតយកមកបំផ្លាញចោល ទៅតាមនិតិវិធី និងអញ្ជើញម្ចាស់មកធ្វើកិច្ចសន្យា បញ្ជប់ការទទួលលក់បន្តទៀត។
លោក គង់ វុទ្ធី បានធ្វើការណែនាំ និងសំណូមពរដល់អាជីវករទាំងអស់ សូមកុំលួចលាក់បន្ថែមនូវសារធាតុគីមីផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ មិនតែប៉ុណ្ណោះអ្នកដែលប្រព្រឹត្តិនោះ គឺមានគ្រោះថ្នាក់ខ្ពស់ជាងគេ ដោយសារតែគាត់នៅជិត និងជាអ្នកប៉ះពាល់ដោយផ្ទាល់ នៅសារធាតុនេះ។
លោកអនុប្រធាន បានបញ្ជាក់ថា ដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់ ចំពោះចំណីអាហារពីសំណាក់បងប្អូនប្រជាពលរដ្ឋ បច្ចុប្បន្ននៅតាមផ្សារមួយចំនួន គឺមានមន្រ្តីកាំកុងត្រូលនៅប្រចាំជាប់តែម្តង បើសិនជាប្រជាពលរដ្ឋណា មានការសង្ស័យថា បន្លែ ផ្លែឈើ ចំណីអាហារ និងគ្រឿងឧបភោគបរិភោគណា ដែលមានសារធាតុគីមី អាចយកមកឲ្យមន្រ្តីកាំកុងត្រូលត្រួតពិនិត្យ ហើយបើសិនជាមានភាពមិនប្រក្រតីណាមួយ នឹងធ្វើការដកហូតភ្លាមៗតែម្តង៕