(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានចេញនូវសេចក្តីណែនាំថ្មីមួយ ទៅដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងវិស័យសំណង់ទាំងអស់ ក្នុងការពង្រឹងនូវគុណភាព និងសុវត្ថិភាពសំណង់។

ក្នុងសេចក្តីណែនាំថ្មីនេះ ក្រសួងបានហាមដាច់ខាតមិនឱ្យអនុវត្តន៍លើការងារចំនួន៥រួមមាន៖

១៖ ហាមដាច់ខាតការសាងសង់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់។

២៖ ហាមដាច់ខាតការអនុវត្តការងារសាងសង់ ឬ រុះរើដោយអ្នក សាងសង់ដែលគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្មផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

៣៖ ហាមដាច់ខាតការដ្ឋានសំណង់ដែលដំណើរការសាងសង់ ឬ រុះរើដោយគ្មានវិស្វករប្រចាំការដ្ឋានជាអ្នកទទួលខុសត្រូវ។

៤៖ ហាមដាច់ខាតការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយ និងហាមដាច់ខាតអ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់។

៥៖ ហាមការប្រើប្រាស់សំណង់គ្រប់ប្រភេទ ដោយគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ឬលិខិតបិទ
ការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងសេចក្តីណែនាំនេះ ក្រសួងបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តន៍លើគោលការណ៍ និងវិធានការចំនួន៥ផ្សេងទៀតរួមមាន៖ លិខិតអនុញ្ញាតសាងសង់ ជួសជុល និងរុះរើ, លិខិតអនុញ្ញាតបើកការដ្ឋានសំណង់, ការរៀបចំការដ្ឋាន, ដំណើរការដ្ឋានសាងសង់ និងការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់។

ជាការកត់សម្គាល់ការចេញសេចក្តីណែនាំថ្មីក្នុងការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ បានធ្វើឡើង បន្ទាប់ពីមានហេតុការបាក់រលំអគារនៅក្នុងខេត្តកែប កាលពីសប្តាហ៍មុនេះ ដែលបណ្តាលឱ្យកម្មករ និងក្មេងៗ ៣៦នាក់ស្លាប់ និង២៣នាក់រងរបួសធ្ងន់ស្រាល។

ខាងក្រោមនេះ គឺជាសេចក្តីណែនាំថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖