(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ អណ្ដូងស្នប់ចំនួន០៩ ត្រូវបានប្រគល់ជូនប្រជាលរដ្ឋរស់នៅក្នុងឃុំចំនួន០៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ក្រោមអធិបតីភាពលោក ហាក់ សុខមករា អភិបាលរងខេត្ត និងមានការចូលរួមពី អភិបាលស្រុក លោក លោកស្រី តំណាងអង្គការ សេន ចន ប្រទេសសិង្ហបុរី តំបន់២ពន្លឺនៃក្ដីសង្ឃឹម។
សូមបញ្ជាក់ថា កន្លងមកដោយមើលឃើញពីការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ លោក ហាក់ សុខមករា អភិបាលរងខេត្ត បានខិតខំទំនាក់ទំនង ជាមួយអង្គការសេន ចន ប្រទេសសិង្ហបុរី តំបន់២ ពន្លឺនៃក្ដីសង្ឃឹម ដោយកៀរគរប្រមូលថវិកាសប្បុរសធម៌របស់ប្រជាជនសិង្ហបុរី ដើម្បីជីកអណ្ដូងស្នប់បាន ចំនួន០៩ ក្នុងឃុំចំនួន០៦ នៃស្រុកមេមត់ គិតជាទឹកប្រាក់សរុបអស់ចំនួន១៣,៥០០ដុល្លារ។
ឆ្លៀតក្នុងឱកាសនេះ ប្រជាពលរដ្ឋបានសម្ដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ហាក់ សុខមករា, អង្គការ សេន ចន និងសប្បុរសជនសិង្ហបុរី ដែលបានផ្ដល់នូវអណ្ដូងស្នប់ទាំង០៩នេះ៕