(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងសារណការ បន្តជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទៅតាមច្រកទ្វាអន្តរជាតិឱ្យបានកាន់តែឆាប់រហ័ស ដើម្បីសម្រួលដល់សេវាពាណិជ្ជកម្ម និងទេសចរអន្តរជាតិឆ្លងកាត់ ជាពិសេសច្រកទ្វាអន្តរជាតិបោយប៉ែត បាវិត ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងយ៉ាងដូច្នេះនាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត ក៏បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរ ពាក់ព័ន្ធមួយចំនួនទៀត បន្តអនុវត្តគម្រោងសាងសង់ចំណតសាធារណៈ នៅក្រុងភ្នំពេញឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចណ៍នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបន្ដយកចិត្តទុកដាក់ខ្ពស់ឲ្យបានជោគជ័យក្នុងផែនការយុទ្ធសាស្ដ្រ និងគោលនយោបាយជាតិ ចរាចណ៍ផ្លូវគោក ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកផងដែរ។
លោកអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៩នេះ លើវិស័យសាធារណការ និងដឹកជញ្ជូន និងលើកទឹកចិត្តដល់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារបន្ថែមទៀតក្នុងវិស័យនេះ ព្រោះក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះជូនជាតិមាតុភូមិ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា និងបច្ចេកទេស លើការរៀបចំផែនការ និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសាធារណការ និងជញ្ជូនផងដែរ៕