(រតនគិរី)៖ ក្នុងពិធីប្រកាសតែងតាំងប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំ និងក្រើនរំលឹកដល់មន្ដ្រីទាំងអស់ដែលជាអ្នកផ្ដល់សេវា ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តាំងពីផ្ដើមចេញពន្លក កុំចាំផ្ទុះធំហើយទើបនាំគ្នាខំដោះស្រាយ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងតាមរយៈវេទិការសាធារណៈ ឬក៏តាមរយៈ នៃការប្រមូលព័ត៌មាន ផ្សេងៗទៀត ដូចជាចុះតាមផ្ទះផ្ទាល់ជាដើម យើងបូករួមជាបញ្ហាទៅវាមានប៉ុន្មាន ចឹងយើងចាត់វិធានការដោះស្រាយ [...] បញ្ហាខ្លះយើងលឺហើយ បើមិនដោះស្រាយយើងមិនយកចិត្តទុកដាក់ ថ្ងៃណាមួយវាអាចផ្ទុះធំឡើង ដែលនាំឲ្យមានការខាតបង់ច្រើនពិបាកដោះស្រាយ»។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ទៀតថា សម្រាប់បញ្ហាទាំងឡាយណា ដែលក្រុមការងារថ្នាក់ជាតិ និងមូលដ្ឋានខិតខំដោះស្រាយហើយ ប៉ុន្ដែនៅតែមិនអាចដោះស្រាយបាននោះ ត្រូវតែបូកសរុប និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីមានវិធានការដោះស្រាយឲ្យបានទាន់ពេលវេលា ជៀសវាងចេះតែអូសបន្លាយ។
បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ឲ្យក្រុមការងារថ្នាក់ជាតិ ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបញ្ហាប្រឈមនៅក្នុងខេត្តដែលខ្លួនទទួលខុសត្រូវ ជាប់ជាប្រចាំ ហើយតាមមូលដ្ឋានស្រុក ឃុំ ក៏ត្រូវតែធ្វើបច្ចុប្បន្នភាពដូចគ្នាផងដែរ ដើម្បីរកឲ្យឃើញថា បញ្ហាអ្វីខ្លះដែលបានដោះស្រាយរួចរាល់ ហើយបញ្ហាខ្លះទៀតដែលមិនទាន់បានដោះស្រាយចេញ។
ផ្អែកលើមូលដ្ឋាននេះ សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យក្រុមការងារថ្នាក់ជាតិ ត្រូវរួមគ្នាជាមួយរដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងសមត្ថកិច្ច ដើម្បីរៀបចំផែនការសកម្មភាព ត្រូវកំណត់ឲ្យបានជាក់លាក់នូវអង្គភាពទទួលខុសត្រូវ ក្នុងការអនុវត្តសកម្មភាពនីមួយៗ ហើយក្រុមការងារថ្នាក់ជាតិ ក៏ត្រូវបែងចែកការទទួលខុសត្រូវក្នុងការតាមដានត្រួតពិនិត្យលទ្ធផល នៃការអនុវត្ត។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាត្រូវបានផ្ទេរភារកិច្ច លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ពីប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី ទៅជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជំនួសមកវិញដោយលោក ជៀង អ៊ំ រដ្ឋលេខាធិការក្រសួងការពារជាតិ មកជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ហើយត្រូវបានប្រកាសជាផ្លូវការនៅព្រឹកមិញនេះ៕