(ភ្នំពេញ)៖ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២០ រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងលោកស្រី បានសម្រេចដាក់ផែនការយុទ្ធសាស្រ្តចំនួន១០ចំណុច សម្រាប់អនុវត្តឆ្នាំ២០២០ ដើម្បីបង្កើនវិស័យអប់រំឲ្យកាន់តែមានប្រសិទ្ធភាព។
បើតាមរបាយការណ៍របស់លោក លី ប៊ុនឆៃ បានឲ្យដឹងថា ឆ្នាំ២០២០នេះ ប៊ែលធីគ្រុប បានសម្រេច ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ចំនួន១០ចំណុច រួមមាន៖
*ទី១៖ ពង្រឹងរចនាសម្ព័ន្ធ ដែលមានស្រាប់ (រចនាសម្ព័ន្ធ, ប្រព័ន្ធ, យន្តការ និងច្បាប់) ដោយបានរៀបចំ និងកែលម្អរចនាសម្ព័ន្ធគ្រប់គ្រងថ្មី។
*ទី២៖ ត្រូវស្គាល់ខ្លួនឯង? គឺស្គាល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ។
*ទី៣៖ គោរពបទបញ្ជាផ្ទៃក្នុង (គោរពពេលវេលា មានសាមគ្គីភាពផ្ទៃក្នុង ឲ្យកាន់តែល្អប្រសើរ មានសីលធម៌ និងគុណធម៌ល្អ និងអនុវត្តបានតាមផែនការ ថ្នាក់លើដាក់ចុះ)។
*ទី៤៖ ពង្រឹងវិន័យសិស្ស និស្សិតនៅគ្រប់កម្រិត និងបង្កើនទំនាក់ទំនងល្អ ជាមួយមាតា បិតា អាណាព្យាបាលសិស្ស និស្សិត។
*ទី៥៖ ពង្រឹងវត្តមានសិស្ស និស្សិតគ្រប់កម្រិត ទាំងនៅសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
*ទី៦៖ ត្រូវពង្រឹងសិស្សានុសិស្ស ថ្នាក់ចំណេះទូទៅគ្រប់កម្រិត ជាពិសេសថ្នាក់ទី១២ ដើម្បីឲ្យពេលប្រឡងបាក់ឌុបត្រូវជាប់ពី ៨៥%-៩០% និងសិស្សនិទ្ទេស A ៥% នៃសិស្ស សាលាប៊ែលធី អន្តរជាតិ ចូលរួមប្រឡងបាក់ឌុប។
*ទី៧៖ត្រូវពង្រឹងសិស្សភាសាអង់គ្លេសទូទៅគ្រប់កម្រិត ជាពិសេសកម្រិតទី១២ (Level 12) ធ្វើយ៉ាងណានៅពេលបញ្ចប់ Level 12 សិស្សត្រូវទទួលបានពិន្ទុតេស្ត អន្តរជាតិ IELTS យ៉ាងតិច៥.០ ឡើងទៅ និងជាប់ចាប់ពី៨៥%-៩០%។
*ទី៨៖ ពង្រីកសាខាសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឲ្យបានច្រើនបន្ថែមទៀត តាមតម្រូវការជាក់ស្តែង។
*ទី៩៖ ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកនីមួយៗ តាមរយៈវគ្គបណ្តុះបណ្តាលខ្លី (On The Job Training)។
*ទី១០៖ បន្តតម្លើងប្រាក់បៀវត្សឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូទាំងអស់ នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង។