(សៀមរាប)៖ អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដែលមានលោក លឹម សម្បត្តិ ជាអធិការ បានរៀបចំពីធីជប់លៀងអបអរសាទរ ខួបលើកទី៤១ ទិវាជ័យជម្នះ ៧មករា និងបានអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើនកុះករ រួមមាន លោក ម៉ក់ សំភារ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្នងការរងនគរបាលខេត្ត លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង លោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាកស្រុក មន្រ្តីអធិការនគរបាលស្រុក កងរាជអាវុធហត្ថស្រុក សឹករងស្រុក នាយប៉ុស្តិនគរបាលរដ្ឋបាលឃុំ លោក លោកស្រីមេឃុំ និងអាជីវករមួយចំនួន។
ក្នុងពិធីនៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ លោកអធិការស្រុកប្រាសាទបាគង បានស្វាគមន៍ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលបានចូលរួម និងបានអរគុណដល់ថ្ងៃ៧ មករា ដែលជាកំណើតទី២របស់យើង ជាពិសេសអរគុណដល់សន្តិភាព ដែលកំពុងគ្របដណ្តប់ពេញផ្ទៃប្រទេស និងធ្វើឲ្យយើងគ្រប់ៗ មានអ្វីៗ គ្រប់យ៉ាងនៅថ្ងៃនេះ មានសន្តិភាព មានការជួបជុំ មានសន្តិភាព មានការអភិវឌ្ឍ ក្នុងនាមកងកម្លាំងនគរបាល យើងគ្រប់គ្នាមានភារកិច្ច និងកាតព្វកិច្ចការពារសន្តិភាព និងសុខសុវត្ថិភាពជូនជាតិមាតុភូមិ។
បន្ទាប់មកលោក ម៉ក់ សំភារ សមាជិកក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់លោកអធិការថ្មី ដែលមានឆន្ទៈចេះស្វែងយល់រៀនសូត្រ ពីរៀមច្បងមុនៗ និងមានការសាមគ្គីភាពផ្ទៃក្នុងល្អក្នុងអង្គភាព។
បន្ថែមពីនេះលោកបានកោតសរសើរ ដល់រដ្ឋបាលស្រុកក្រោមការដឹកនាំរបស់លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សូរ ប្លាតុង អភិបាលស្រុក ធ្វើឲ្យស្រុកប្រាសាទបាគងមានការវិវត្តន៍ អភិវឌ្ឍន៍រីកចម្រើន ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ដោយឡែកថ្នាក់ដឹកនាំស្រុក និងមន្រ្តីក្រោមឱវាទ ក៏រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងល្អ មានការសហការគ្រប់អង្គភាពដែលឈរជើង នៅក្នុងមូលដ្ឋានស្រុក លោកសប្បាយចិត្ត និងសូមឲ្យបន្តប្រពៃណីនេះជារៀងរហូត។
នៅក្នុងឱកាសនោះ លោកក៏បានរំលឹកបញ្ជាក់បន្ថែមពីអត្ថន័យនៃថ្ងៃ ៧ មករា ដែលប្រទេសកម្ពុជា បានឆ្លងកាត់នូវភ្នក់ភ្លើងសង្រ្គាម ប្រល័យពូជសាសន៍ប៉ុលពត គឺគ្មានទុក្ខវេទនាណាស្មើនឹងរបប ប៉ុល ពតទេ និងអរគុណដល់សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ លោកថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះ បានរំដោះប្រទេសចេញពីរបបយង់ឃ្នង ប៉ុល ពត និងជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាដែលនៅរស់រានមានជីវិត។
គុណបំណាច់ដ៏ធំធេងជាប្រវត្តិសាស្រ្តនេះ គឺដោយសារវីរភាពថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាញាណ និងលះបង់ អាយុជីវិត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូលពីរណ្តៅមរណៈ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ដូចសព្វថ្ងៃនេះ៕