(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) បានឲ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាងធនាគារ មេយប៊ែង គីមអេង ហូលដីង លីមីតធីត ជាមួយគណៈកម្មការមូលបត្រកម្ពុជា ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការ និងផ្តល់ក្របខណ្ឌជំនួយបច្ចេកទេស ដើម្បីជំរុញកំណើនប្រកបដោយចីរភាព នៃទីផ្សារមូលបត្រធននៅកម្ពុជា គឺជាសញ្ញា និងរូបភាពដ៏ល្អមួយសម្រាប់វិនិយោគិន នៅក្រៅប្រទេស ដែលកំពុងសម្លឹងមកកម្ពុជា ដើម្បីវិនិយោគនៅកម្ពុជា។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្តិការ និងក្របខណ្ឌជំនួយបច្ចេកទេស សម្រាប់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា»នេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។
ថ្លែងក្នុងសន្និសីទសារព័ត៌មានលោក ស៊ូ សុជាតិ បានបញ្ជាក់ថា «ដើម្បីដឹកនាំវិនិយោគក្នុងស្រុក យើងត្រូវការវិនិយោគដែលមានជំនាញ ហើយវិនិយោគមកពីក្រៅប្រទេសជា វិនិយោគដែលមានវិជ្ជាជីវៈពិតប្រាកដ ដូច្នេះតាមរយៈការចុះ MoU រវាងគណៈកម្មការមូលបត្រ និងធនាគារ Maybanks នៅថ្ងៃនេះជារូបភាពដ៏ល្អ ក្នុងការទាក់ទាញវិនិយោគិនពីក្រៅស្រុកមកកម្ពុជា»។
លោក ស៊ូ សុជាតិ អះអាងថា «ប្រព័ន្ធធនាគារពិតជាមានសារៈសំខាន់ណាស់ ក្នុងការទាក់ទាញវិនិយោគិនបរទេស ប្រសិនបើប្រទេសមួយដែលគ្មានវិស័យធនាគារនោះទេ វិនិយោគិនទាំងអស់នឹងមិនមកវិនិយោគនោះឡើយ ជាក់ស្ដែងដូចវិស័យមូលបត្រ វិស័យមូលបត្រដំណើរការទៅបានអាស្រ័យដោយ គ្រឹះដ៏រឹងមាំនៃប្រព័ន្ធធនាគារ»។
លោកបញ្ជាក់ថា «ខ្ញុំមានទំនុកចិត្តថា MoU ថ្ងៃនេះនឹងពង្រឹងទំនាក់ទំនង ឆ្ពោះទៅកាន់ភាពជាដៃគូរ បន្ថែមលើនេះមួមូយកម្រិតទៀត។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយពួកយើងក្នុងការលើកកម្ពស់ លទ្ធផលការងារ, ជំរុញការរីកចម្រើននៃ ទីផ្សារមូលបត្រធនកម្ពុជា នាពេលអនាគត និងបន្តចូលរួមចំនែក ដល់សេដ្ឋកិច្ចជាតិ»។
លោក ម៉ូហាមាត យ៉ាសីន អាប់ឌុលឡា នាយកផ្នែកប្រតិបត្តិក្រុមហ៊ុន មេយប៊ែង គីមអេង លើកឡើងថា «នេះជាកិត្តិយសខ្លាំងណាស់ ដែលបានចូលរួមសហប្រត្តិបត្តិការ ជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជា ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រធននៅកម្ពុជា»។
លោកបន្ដថា ក្រុមហ៊ុន មេយប៊ែង គីមអេង ជាធនាគារកិច្ចវិនិយោគ និងជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនសម្ព័ន្ធធនាគារ មេយប៊ែងគ្រុប ដែលផ្តល់ផលិតផល និងដំណោះនោះស្រាយផ្នែក ផលិតផលហិរញ្ញវត្ថុ ជូនទីផ្សារលក់រាយ ទីផ្សារខ្នាតកណ្តាល ទីផ្សារសាជីវកម្ម និង ទីផ្សារជាស្ថាប័ន។ ផលិតផល និងដំណោះដំនោះស្រាយផ្នែកហិរញ្ញវត្ថុរួមមាន៖ ការផ្តល់ការប្រឹក្សា និងរៀបចំមូលបត្របំណុល, ការផ្តល់ហិរញ្ញប្បទានលើគម្រោង ហិរញ្ញប្បទានអានុភាព, ការរៀបចំកញ្ចប់ប្រាក់កម្ចីរួម និងការផ្តល់ប្រឹក្សា និង ដំណោះស្រាយទីផ្សារមូលបត្រធន តាមរយៈការរៀបចំរួមបញ្ចូលគ្នា និង ការទិញលក់ក្រុមហ៊ុន និងការប្រឹក្សាផ្នែកយុទ្ធសាស្រ្ត។
សូមបញ្ជាក់ថា ធនាគារ មេយប៊ែង បានចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នបានក្លាយជាធនាគារមួយ ក្នុងចំនោមធនាគារកំពូលទាំង១០ ក្នុងប្រទេសកម្ពុជា យោងតាមទ្រព្យសកម្ម ហើយមានបណ្តាញសាខាចំនួន២១នៅទូទាំងប្រទេសកម្ពុជា៕