(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តកុងតឺន័រលឿន ទៅបុកម៉ូតូបណ្ដាលឲ្យដួលចូលក្រោមរថយន្តកិនបែកខ្លួនស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១យប់ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅចំណុចស្តុប២៤ម៉ោងកែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ចាម 3A-8242 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវបំបែកជាបួនចំណុចស្តុប២៤ម៉ោង ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FB-7949 ឌុបគ្នាពីរនាក់ប្រុសស្រី ចំពេញមួយទំហឹងបណ្ដាលឲ្យដួលចូលក្រោមរថយន្តកុងតឺន័រកិនបុរសខាងលើចំខ្លួន បណ្ដាលឲ្យបែកធ្លាយស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ចំណែកឯអ្នករួមដំណើរជានារីរងរបួសបោកក្បាលផ្ទប់នឹងថ្នល់ អូសជាមួយម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ភ្លាមៗនោះគេឃើញអ្នកបើកបររថយន្ត បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចជិះដេញតាមចាប់ខ្លួន យកទៅអធិការខណ្ឌភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចុះមកយករថយន្ត និងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕