(ភ្នំពេញ)៖ ប៊ែលធី គ្រុប នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានរៀបចំសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២០ ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកស្រី ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ អ្នកគ្រូ ចូលរួមចំនួន២,៤៥៣នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប បានឲ្យដឹងថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ អ្នកគ្រូ បម្រើការ២,៤៥៣នាក់ មានសិស្ស និស្សិតកំពុងសិក្សា ៤៩,១០៤នាក់ និងមាន២៤ទីតាំង ក្នុងនោះ២២ទីតាំងជាសាលា (២០ទីតាំងកំពុងដំណើរការ, ២ទីតាំងកំពុងសាងសង់) និង២ទីតាំង ជាសាកលវិទ្យាល័យ។
លោកបានបន្ថែមថា ប៊ែលធី គ្រុប មានបម្រើសេវាកម្ម ៣ធំៗដូចជា៖ ប៊ែលធីសំណង់, ប៊ែលធីទេសចរណ៍, ប៊ែលធីអប់រំ ដែលចែកចេញជា ៤ផ្នែក គឺទី១៖សាលាប៊ែលធី អន្តរជាតិ, ទី២៖សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ, ទី៣៖ប៊ែលធី ទំនាក់ទំនងអន្តរជាតិ និងទី៤៖មជ្ឈមណ្ឌលតេស្តអន្តរជាតិ។
ក្នុងឆ្នាំ២០១៩ នេះ ប៊ែលធី សម្រេចបាននូវសមិទ្ធផលដូចជា ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី២០ និងកំពុងសាងសង់អគារប៊ែលធីទី២១ និងទី២២, ប៊ែលធីទេសចរណ៍ បានទទួលភ្ញៀវទេសចរ១០,៧៨៩នាក់ ក្នុងនោះ ក្រៅប្រទេស២,៦៦៣នាក់ ព្រមទាំងមានរថយន្តទំនើបៗ១១គ្រឿង សម្រាប់ដឹកភ្ញៀវផងដែរ ក្នុងនោះ ៤៥កៅអី ៧គ្រឿង, ២៥កៅអី ២គ្រឿង និង១៥កៅអី ២គ្រឿង។
សាលា ប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា ២៥,០៥៦នាក់ ក្នុងនោះបានចែកចេញជា សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន១១,១២៩នាក់ ជាប់៩,៤២១នាក់ ស្មើនឹង៨៤.៦៥%, សិស្សភាសាអង់គ្លេសកម្រិត ទី១២ (Level 12) ចំនួន១០,៨៥២នាក់ (នារី៤,១៥៣នាក់), សិស្សវគ្គខ្លីកុំព្យូទ័រ ចំនួន៩,២៧៦នាក់ (នារី៤,២៣៥នាក់), សិស្សប្រឡងតេស្តអន្តរជាតិ ចំនួន៦,៤៦៧នាក់ (នារី៣៤៩នាក់), សិស្សពូកែថ្នាក់ទី៩ និងទី១២ មាន៨៥នាក់ ក្នុងនោះទូទាំងប្រទេស២១នាក់ និងទូទាំងរាជធានី៦៤នាក់។
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សាទាំងកម្មវិធីសិក្សា ជាភាសាជាតិ និងកម្មវិធីសិក្សាអន្តរជាតិ ១,៦៩៣នាក់ ក្នុងនោះថ្នាក់គរុកោសល្យ ៣៧១នាក់, ថ្នាក់បរិញ្ញាបត្រ ១,១៤៧នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៧៥នាក់។ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ៨៨៩នាក់ ក្នុងនោះសិស្ស និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ១១៤នាក់, សិស្ស និស្សិតបង់ថ្លៃ ៥៨នាក់ និងសិស្ស និស្សិត ធ្វើទស្សនកិច្ចសិក្សា៧១៧នាក់។
មជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី ទទួលសិទ្ធិរៀបចំតេស្តអន្តរជាតិធំៗ ចំនួន៥រួមមាន៖ ទី១៖តេស្តថូហ្វល (TOEFL) ពីអាមេរិក, ទី២៖តេស្តអាយអ៊ែល (IELTS) ពីអង់គ្លេស, ទី៣៖តេស្ត GRE (ជីអរអ៊ី) ពីអាមេរិក, ទី៤៖តេស្ត Prometric (ប្រូម៉េទ្រីក) ពីជប៉ុន និងទី៥៖តេស្ត SIMCC (ស៊ីម៉ុក) ពីសឹង្ហបុរី។
ទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០២០នេះ ប៊ែលធីគ្រុប បានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រួមមាន៖
*ទី១៖ ពង្រឹងរចនាសម្ព័ន្ធ ដែលមានស្រាប់ (រចនាសម្ព័ន្ធ, ប្រព័ន្ធ, យន្តការ និងច្បាប់) ដោយបានរៀបចំ និងកែលម្អរចនាសម្ព័ន្ធគ្រប់គ្រងថ្មី។
*ទី២៖ ត្រូវស្គាល់ខ្លួនឯង? គឺស្គាល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ។
*ទី៣៖ គោរពបទបញ្ជាផ្ទៃក្នុង (គោរពពេលវេលា មានសាមគ្គីភាពផ្ទៃក្នុង ឲ្យកាន់តែល្អប្រសើរ មានសីលធម៌ និងគុណធម៌ល្អ និងអនុវត្តបានតាមផែនការ ថ្នាក់លើដាក់ចុះ)។
*ទី៤៖ ពង្រឹងវិន័យសិស្ស និស្សិតនៅគ្រប់កម្រិត និងបង្កើនទំនាក់ទំនងល្អ ជាមួយមាតា បិតា អាណាព្យាបាលសិស្ស និស្សិត។
*ទី៥៖ ពង្រឹងវត្តមានសិស្ស និស្សិតគ្រប់កម្រិត ទាំងនៅសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
*ទី៦៖ ត្រូវពង្រឹងសិស្សានុសិស្ស ថ្នាក់ចំណេះទូទៅគ្រប់កម្រិត ជាពិសេសថ្នាក់ទី១២ ដើម្បីឲ្យពេលប្រឡងបាក់ឌុបត្រូវជាប់ពី ៨៥%-៩០% និងសិស្សនិទ្ទេស A ៥% នៃសិស្ស សាលាប៊ែលធី អន្តរជាតិ ចូលរួមប្រឡងបាក់ឌុប។
*ទី៧៖ត្រូវពង្រឹងសិស្សភាសាអង់គ្លេសទូទៅគ្រប់កម្រិត ជាពិសេសកម្រិតទី១២ (Level 12) ធ្វើយ៉ាងណានៅពេលបញ្ចប់ Level 12 សិស្សត្រូវទទួលបានពិន្ទុតេស្ត អន្តរជាតិ IELTS យ៉ាងតិច៥.០ ឡើងទៅ និងជាប់ចាប់ពី៨៥%-៩០%។
*ទី៨៖ ពង្រីកសាខាសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឲ្យបានច្រើនបន្ថែមទៀត តាមតម្រូវការជាក់ស្តែង។
*ទី៩៖ ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកនីមួយៗ តាមរយៈវគ្គបណ្តុះបណ្តាលខ្លី (On The Job Training)។
*ទី១០៖ បន្តតម្លើងប្រាក់បៀវត្សឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូទាំងអស់ នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង។
ជាទីបញ្ចប់លោកបណ្ឌិតប្រធានគណៈអធិបតី និងលោកស្រី បានប្រគល់លិខិតតែងតាំង ជូនដល់ថ្នាក់ដឹកនាំ នៃប៊ែលធីគ្រុប និងពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍១០០% និងរង្វាន់លើកទឹកចិត្ត ជូនដល់បុគ្គលិកបម្រើការងារ១០ឆ្នាំ ចំនួន៨១នាក់ នាពេលនោះផងដែរ៕