(ភ្នំពេញ)៖ ក្រុមហ៊ុន អេនដ្រូមេដា ឌីស្រ្ទីប៊្យូសិន ខបភើរេសិន (Andromeda Distribution Corporation) នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយក្រុមហ៊ុន ACTAtek ដើម្បីធ្វើសិក្ខាសាលាមួយ ស្តីពីការប្រគល់សិទិ្ធចែកចាយផ្តាច់មុខឲ្យក្រុមហ៊ុន អេនដ្រូមេដា (Andromeda) នៅសណ្ឋាគារ Sunway Hotel រាជធានីភ្នំពេញ។
ក្នុងកម្មវិធីនេះ ក៏មានការប្រគល់នូវវិញ្ញាបនប័ត្រពីក្រុមហ៊ុន ACTAtek ដែលបញ្ជាក់ពីការព្រមព្រៀងប្រគល់សិទ្ធិ ចែកចាយផលិតផលរបស់ខ្លួន ឲ្យក្រុមហ៊ុន Andromeda ដើម្បីធ្វើការចែកចាយជូនដល់អតិថិជន នៅក្នុងប្រទេសកម្ពុជា។
លោក Harry Chan នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Andromeda បានថ្លែងថា លោកមានកិត្តិយសយ៉ាងខ្លាំង ដែលក្រុមហ៊ុនរបស់លោក បានទទួលសេចក្តីទុកចិត្តពីក្រុមហ៊ុន ACTAtek ដែលជាក្រុមហ៊ុនលំដាប់កំពូល និងឈានមុខគេទៅលើផ្នែក Security Door Access និង SmartTime Controller ដែលមានការចាប់អារម្មណ៍ខ្លាំង ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ដៃគូ ចែកចាយក៏ដូចជាអតិថិជនតាមបណ្តាក្រុមហ៊ុន នានាជាច្រើន។
ក្នុងឱកាសនេះដែរ លោក ក៏បានធ្វើបទបង្ហាញអំពីក្រុមហ៊ុន Andromeda និងផលិតផលព័ត៌មានវិទ្យាដទៃទៀត ដែលក្រុមហ៊ុនរបស់លោក បានទទួលសិទ្ធិចែកចាយផ្តាច់មុខដូចជា៖ Barracuda, WatchGaurd, Panduit Extreme, Zebra, Pivot3, QNAP, Poly McAfee ហើយនិង ACTAtek ជាដើម ដែលសុទ្ធសឹងតែជាផលិតផលកំពុងទទួលបានការទទួលស្គាល់ និងគាំទ្រស្ទើរតែគ្រប់មជ្ឈដ្ឋានអ្នកប្រើប្រាស់ទាំងអស់។
លោក Harry Chan បានបន្តទៀតថា ដោយយោងទៅលើសក្តានុភាពជាមួយ និងយុតិ្តសាស្រ្តដ៏រឹងមំា និងច្បាស់លាស់ដោយផ្តោតទៅលើសុក្រឹត្យភាព ក៏ដូចជាការផ្តល់នូវទំនុកចិត្តគ្រប់ដៃគូចែកចាយ និងអតិថិជនទាំងអស់ ដែលជាកត្តាធ្វើឲ្យក្រុមហ៊ុនលោក បានទទួលសិទ្ធិចែកចាយផ្តាច់មុខពីក្រុមហ៊ុន ACTAtek នៅក្នុងទីផ្សារកម្ពុជានេះ។
លោក Thomas Wan អ្នកតំណាងឲ្យក្រុមហ៊ុន ACTAtek ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនAndromeda ដែលបានសហការ និងបង្កើតកម្មវិធីនេះឡើង ក៏ដូចជាផ្តល់ឱកាសឲ្យលោក បានធ្វើបទបង្ហាញអំពី ដំណេះស្រាយផលិតផលរបស់ខ្លួន នៅក្នុងសិក្ខាសាលានេះ។
លោកបានបញ្ជាក់ទៀតថា ផលិតផលរបស់ ACTAtek គឺជាផលិតផល ដែលកំពុងតែល្បីល្បាញ ទូទាំងសកលលោកទៅលើបច្ចេកវិទ្យា Door Access & Time Control៕