(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់ មានរថយន្តតូចធំជិត ៦០គ្រឿងទៀត ត្រូវបានកម្លាំងនគរបាលចរាចរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ត្រួតពិនិត្យលើឯកសារ និងបច្ចេកទេសយានយន្តជាបន្តទៀត នៅក្នុងទឹកដីស្រុករលាប្អៀរ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ។
ក្នុងនោះ សមត្ថកិច្ចនគរបាលចរាចរ នៅតែបន្តរកឃើញរថយន្តគ្មានឯកសារត្រឹមត្រូវ និងអ្នកបើកបរមិនមានប័ណ្ណបើកបរដដែល ដែលករណី នេះជាដើមចមក្នុងការផ្តល់ផលវិបាកដល់សមត្ថិច្ចជំនាញ ក្រោយពួកគេបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា កម្លាំងនៃការិយាល័យចរាចរណ៍ផ្លូវគោកជាង ២០នាក់ បានបន្តដាក់ពង្រាយនៅលើកំណាត់ផ្លូវលេខ ៥៣ ត្រង់ចំណុចផ្លូវបែកជាបួនមុខវត្តសន្ទូច ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ចាប់ពីម៉ោងជិត ៨ព្រឹកម៉ិញ ដើម្បីរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តបតាមគោលការណ៍របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឈានទៅលុបបំបាត់ទាំងស្រុងតែម្តង។
ក្រោយកិច្ចប្រតិបត្តការប្រមាណជិត៥ ម៉ោងរួចមក កម្លាំងនគរបាលចរាចរណ៍ខេត្ត បានរកឃើញកំហុសអ្នកប្រើប្រាស់ផ្លូវទាំងនោះមានដូចជា៖ ការបើកបរដោយអត់ផ្លាកលេខរថយន្ត ខ្វះឯកសារប័ណ្ណបើកបរ ខ្វះប័ណ្ណសំគាល់យានយន្ត ខ្វះលិខិតអាជីវកម្មដឹកជញ្ជូន កង់ឡានអត់មានខ្ចៅគ្រប់គ្រាន់ ដែលកំហុសទាំងនេះត្រូវបានអនុវត្តអោយផាកពិន័យតាមអនុក្រឹតលេខ៤៤ ស្តីពីការពិន័យអន្តរការ អំពីអំពើល្មើសក្នុងច្បាប់ស្តីចរាចរណ៍ផ្លូវគោក។ ពេញមួយព្រឹកនេះ កម្លាំងនគរបាលចរាចរណ៍ខេត្តបានឃាត់ឡានដឹកដី និងឡានតូចធំប្រមាណជិត ៦០គ្រឿងមកពិនិត្យ និងពិន័យ និងធ្វើការអប់រំណែនាំផងដែរ។
នាឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ខូវ លី បានសំណូមពរអ្នកប្រើប្រាស់ផ្លូវគោកទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនទាំងអស់ គ្នាក្នុងពេលបើកបរ ដោយមិនត្រូវល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើយ ព្រោះគ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងតែមួយប៉ព្រិចភ្នែកប្រសិនបើយើងមានការធ្វេសប្រហែសនោះ៕