(កណ្ដាល)៖ គួរឱ្យអាសូរណាស់! កុមរាម្នាក់បានស្លាប់ភ្លាមៗ រីឯបុរសជាឪពុកម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះធុងហ្គាស នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះបញ្ចូលហ្គាស ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ករណីនេះម្ចាស់ទីតាំងប្រកបមុខតបរនេះ មានខ្វះប្រុងប្រយ័ត្នមិនយកចិត្តទុកដាក់ចំពោះសម្ភាររបស់ខ្លួន ខណៈធុងហ្គាសបានលេចធ្លាយ ស្របពេលខ្លួនកំពុងបញ្ចូលហ្គាសផងនោះ ក៏ស្រាប់ផ្ទុះបង្ករជាអគ្គិភ័យតែម្ដង។
ជនរងគ្រោះជាឪពុកឈ្មោះណែម សុកុល ភេទប្រុសអាយុ៣៥ឆ្នាំ រងរបួសធ្ងន់ និងកូនឈ្មោះ កុល រ៉ាវុធ ភេទប្រុសអាយុ ៤ឆ្នាំបានទទួលអនិច្ចកម្ម។ ចំពោះសម្ភារខូចខាតរួមមាន៖ ឆេះផ្ទះ ១ខ្នង ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ធ្វើអំពីថ្មក្រោម ដំបូងប្រក់ស័ង្កសី។
គួរជម្រាបជូនថា ករណីផ្ទុះធុងហ្គាសដ៏កក្រើកបែបនេះ មិនមែនកើតឡើងជាលើកទីមួយទេនៅទឹកដីខេត្តកណ្ដាល ខណៈពលរដ្ឋស្នើ ដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលបច្ចេកទេស ពិសេស គឺរឹតបន្តឹងចំពោះអាជីវកម្មបញ្ចូលហ្គាសនេះ ដោយសារតែមានហានិភ័យខ្ពស់ ប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ៕