(ចិន)៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដែលមានក្រុមការងារបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ ចុះទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Huawei ដែលស្ថិតនៅទីក្រុង Shenzhen នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដើម្បីស្វែងយល់ពីការអភិវឌ្ឍនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ពិសេសក្នុងវិស័យពន្ធដារ។
ក្នុងក្របខ័ណ្ឌនេះ អគ្គនាយកដ្ឋានពន្ធដារកម្ពុជាត្រូវបានអញ្ជើញដើម្បីធ្វើទស្សនកិច្ចសិក្សាអំពីផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានជាច្រើនរបស់ក្រុមហ៊ុន Huawei ដែលមានដូចជា បច្ចេកវិទ្យាឆ្លាតវៃ (Smart solution) ទីក្រុងឆ្លាតវៃ (Smart City) ក៏ដូចជាបច្ចេកវិទ្យាអ៊ីនធឺណិតទំនើបចុងក្រោយ 5G ដែលអាចផ្តល់ល្បឿនលឿន សម្រាប់ការប្រើប្រាស់អ៊ីនធឺណិត ជាលទ្ធភាពដល់ការតភ្ជាប់នូវអ្វីៗគ្រប់សព្វបែបយ៉ាង ពិសេសអាចផ្តល់លទ្ធភាពងាយស្រួល និងយ៉ាងរលូនសម្រាប់ការទ្រទ្រង់ដល់ការរៀបចំ គ្រប់គ្រង និងប្រើប្រាស់គ្រឿងអេទ្បិចត្រូនិកសម្រាប់វិស័យផ្សេងៗ ជាអាទិ៍ វិស័យពន្ធដារ, វិស័យនគរូបនីយកម្ម, វិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, វិស័យសុខាភិបាល, វិស័យធនធានរ៉ែ ជាដើម។ សព្វថ្ងៃនេះបច្ចេកវិទ្យាទំនើបនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមប្រទេសរីកចម្រើនជឿនលឿននៅលើសាកលលោក ដូចជា ចក្រភពអង់គ្លេស ប្រទេសស្វីស សាធារណរដ្ឋកូរ៉េ និងសាធារណរដ្ឋប្រជាមានិតចិន ជាដើម។
បន្ថែមពីនោះលោក គង់ វិបុល និងគណៈប្រតិភូក៏បានធ្វើដំណើរទស្សនកិច្ច មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (Huawei R&D Center) មជ្ឈមណ្ឌលឆ្លាតវៃទ្បុងកាង (Longgang Smart Center) ក៏ដូចជាមជ្ឈមណ្ឌលទិន្នន័យ (Data center) នៅតំបន់ Dongguan ដែលជាមជ្ឈមណ្ឌលរក្សាទុក និងគ្រប់គ្រងទិន្នន័យយ៉ាងទំនើប សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ដែលក្រុមហ៊ុនបានរៀបចំកសាងទ្បើងដើម្បីគាំទ្រក្នុងដំណើរការអាជីវកម្ម និងការគ្រប់គ្រងនានា ពិសេសជាទីតាំងរក្សាទុកទិន្នន័យនានា រួមទាំង Cloud data storage នៅទូទាំងសាកលលោក។
មជ្ឈមណ្ឌលរក្សាទុក និងគ្រប់គ្រងទិន្នន័យនេះធ្លាប់ជាមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធំជាងគេនៅក្នុងតំបន់អាស៊ី។ បច្ចុប្បន្ននេះមជ្ឈមណ្ឌលនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងរក្សាទុកទិន្នន័យពាក់ព័ន្ធ និងសហគ្រាសនានាដែលជាដៃគូរបស់ក្រុមហ៊ុន Huawei នៅលើពិភពលោក។ តាមរយៈទស្សនកិច្ចសិក្សានេះដែរ ក្រុមហ៊ុន Huawei ក៏បានរៀបចំបទបង្ហាញអំពីដំណើរការរៀបចំរដ្ឋបាលសារពើពន្ធទំនើបឆ្លាតវៃ ដែលគ្របដណ្តប់ទិដ្ឋភាពនៃការផ្លាស់ប្តូររដ្ឋបាលសារពើពន្ធបែបបុរាណទៅជារដ្ឋបាលសារពើពន្ធឌីជីថល។
ក្នុងឋានៈជារដ្ឋបាលសារពើពន្ធដែលបាននឹងកំពុងធ្វើឌីជីថលភាវូនីយកម្ម និងជាស្ថាប័នឈានមុខមួយផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា លោក គង់ វិបុល ក៏បានចូលរួមជាមតិយោបល់ក្នុងកិច្ចពិភាក្សាយ៉ាងផុលផុសជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រុមហ៊ុន Huawei ពិសេសក្នុងគោលដៅផ្លាស់ប្តូរបទពិសោធន៍នៃកំណែទម្រង់ និងទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារនាពេលកន្លងមកដែលទទួលបានជោគជ័យ និងមានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ។
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ក៏បានបង្ហាញនូវគោលជំហរ និងសេចក្តីរីករាយក្នុងការចូលរួមសហការជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យនៃ «ឌីជីថលកម្ពុជា»។ លោកក៏បានថ្លែងកោតសរសើរ អគ្គនាយកដ្ឋានពន្ធដារ ចំពោះលទ្ធផលដ៏ល្អប្រសើរនៃកំណែទម្រង់រដ្ឋបាលសារពើពន្ធ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការរៀបចំកម្មវិធីព័ត៌មានវិទ្យា ការអភិវឌ្ឍ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធី ដែលអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអនុវត្តបានយ៉ាងល្អ។
ខណៈប្រតិភូរាជរដ្ឋាភិបាល និងអ្នកជំនាញរបស់ក្រុមហ៊ុន Huawei ក៏បានពិភាក្សាអំពីផែនការ និងចក្ខុវិស័យសម្រាប់ផ្នែកបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ សំដៅធានាប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ក៏ដូចជាការផ្ដល់សេវាជូនដល់អ្នកជាប់ពន្ធបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្គត់ផ្គង់សេវាកម្មហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍ឆ្លាតវៃនៅលើពិភពលោក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen នាសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការធុរកិច្ចនៅលើប្រទេសប្រមាណ១៧០ និងមានបុគ្គលិកសរុបប្រមាណ ១៩៤,០០០នាក់ ដែលកំពុងផ្គត់ផ្គង់ផលិតផល និងសេវាជូនដល់អតិថិជនប្រមាណ ៣ ពាន់លាននាក់នៅជុំវិញពិភពលោក៕