(ព្រះសីហនុ)៖ សាខាកាំកុងត្រូលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារពាណិជ្ជកម្ម ផ្សារក្បែមហោស្រព និងហាងទំនិញ តាមបណ្តោយផ្លូវអូរ១ ដល់អូរ៥ ខេត្តព្រះសីហនុ។
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹក ត្រីងៀត មី ខ្ញីហាន់ ជ្រក់ត្រសក់ និងសណ្តែកបណ្តុះ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញ មានវត្តមានសារធាតុគីមីហាមឃាត់ នៅលើម្ហូបអាហារខាងលើ និងពុំមានការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ។
ក្នុងឱកាសនោះ មន្ត្រីជំនាញ ក៏បានណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕