(ភ្នំពេញ)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានដឹកនាំបុគ្គលិកជិះរ៉ឺម៉កកង់បី ក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា។ នេះបើយោងតាមការផ្សាយរបស់ Facebook ផ្លូវការរបស់ស្ថានទូតអាមេរិកនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ។
ស្ថានទូតអាមេរិក បានបង្ហាញរូបរបស់លោកឯកអគ្គរដ្ឋទូត ដឹកនាំបុគ្គលិកជិះរ៉ឺម៉កកង់បី និងបានថ្លែងសារបញ្ជាក់ថា៖ «ឆ្នាំ២០២០ កត់ត្រានូវខួបដ៏សំខាន់មួយ គឺខួបលើកទី៧០ តាំងពីការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ កាលពីម្សិលមិញ យើងបានបើកការប្រារព្ធខួបលើកទី ៧០ឆ្នាំនេះ ដោយរៀបចំព្រឹត្តិការដ៏គួរឲ្យចាប់អារម្មណ៍មួយ! ជាដំបូង បុគ្គលិកស្ថានទូតអាមេរិក និងមិត្តនានា បានមកជួបជុំគ្នា ហែរក្បួនរ៉ឺម៉កកង់បី តាមផ្លូវក្នុងរាជធានីភ្នំពេញ»។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ បានប្រារព្ធទិវាខួបលើកទី៧០ នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលរៀបចំធ្វើឡើង នៅទីតាំង Future Factory ក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោក Patrick Murphy បានកោតសរសើរ ចំពោះការរីកចម្រើននៃប្រទេសកម្ពុជា និងទទួលស្គាល់ថា ក្នុង២ទស្សវត្សន៍កន្លះមកនេះ ប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំង បោះជំហានទៅមុខ។
លើសពីនោះ លោក Patrick Murphy ក៏ចង់ឃើញឲ្យមាន ការកែលម្អច្រើនទៀត ផ្នែកទៅតាមរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា ហើយលោកសង្ឃឹមថា ជាមួយនឹងការខិតខំប្រឹងប្រែង ទៅលើវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នឹងមានការរីកចម្រើន។ លោកសង្ឃឹមថា អាមេរិក និងកម្ពុជា នឹងមានការបោះជំហានជាមួយគ្នាទៅមុខបន្តទៀត៕