(កំពង់ធំ)៖ លោក ជា អឿន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ និងលោក វណ្ណៈ សោភានិត និងក្រុមការងារស្រុកប្រាសាទបល្ល័ង្ក នៅសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅប្រគល់ជូនស្ត្រីមេម៉ាយ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះនៅភូមិត្រពាំងផ្តៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
អគ្គីភ័យបានឆេះផ្ទះមួយខ្នងនេះ កើតឡើងចំពោះគ្រួសារកសិករមួយ ឈ្មោះ វ៉ា សុខា ភេទស្រី អាយុ ៥៨ឆ្នាំ មានកូន២នាក់ និងចៅ ៣នាក់ រស់នៅភូមិត្រពាំងផ្អៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៣៖៣០នាទី ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ដែលធ្វើឲ្យខូចខាតទូរទស្សន៍ចំនួន០១គ្រឿង អាគុយចំនួន០១គ្រឿង សូឡាចំនួន០១ផ្ទាំង ម៉ាស៉ីនដេរចំនួន០១គ្រឿង ស្រូវចំនួន០៣បេ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ក្នុងឱកាសនាំយកសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅប្រគល់ជូនដល់ស្ត្រីមេម៉ាយរងគ្រោះ លោក ជា អឿន បាននាំនូវប្រសាសន៍សួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកបដោយភាពយកចិត្តទុក្ខដាក់ និងរួមរំលែកទុក្ខ និងសោកស្តាយចំពោះការខូចខាតព្រទ្យសម្បត្តិ។
លោកលើកឡើងថា ការបាត់បង់នូវទ្រព្យសម្បត្តិ ពិតជាសោកស្តាយខ្លាំងណាស់ ព្រោះវាជាការប្រឹងប្រែងសន្សំដោយការលំបាក និងជាខែឆ្នាំមកហើយ តែការរងគ្រោះនេះគឺជា រឿងដែលមិនអាចដឹងមុន។ បើទោះបីជាបាត់បង់នូវទ្រព្យសម្បត្តិក៏ពិតមែន តែនៅមានជីវិតត្រូវតែតស៊ូប្រឹងប្រែងប្រកបរបរបន្តទៅទៀត។
លោកបន្ថែមថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងរកទទួលទាននេះ សូមប្រជាពលរដ្ឋត្រូវបង្កើននូវការប្រុងប្រយ័ត្ន ជាពិសេសការហូបចុកប្រចាំថ្ងៃ ត្រូវតែមានអនាម័យជាប្រចាំ។ បន្ថែមលើសពីនេះទៅទៀត លោកបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការទៅអាជ្ញាធរមូលដែលនៅជិតបំផុត នៅពេលមានបញ្ហា ដើម្បីឲ្យពួកគាត់ជួយទាន់ពេលវាលាផងដែរ។
គួរបញ្ជាក់ថា សម្ភារដែលបានចែកជូនដល់ស្ត្រីមេម៉ាយ ដែលរងគ្រោះរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ម៉ុង ភួយ ត្រីខ កន្ទេល និងថវិកាមួយចំនួន៕