(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សំណើសាងសង់ស្តូបជានិម្មិតរូប នៃជនរងគ្រោះដោយសារការបាក់រលំអគារសំណង់ នៅក្នុងខេត្តកែប ដែលស្នើដោយអង្គការសង្គមស៊ីវិល ដើម្បីរំលឹកការចងចាំ គឺមិនចាំបាច់នោះទេ ដោយហេតុថាទាំងប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន ព្រមទាំងសប្បុរសជន បានយកចិត្តទុកដាក់បំភ្លឺ និងដោះស្រាយជូនជនរងគ្រោះរួចរាល់។
ការលើកឡើងបែបនេះរបស់លោក ផៃ ស៊ីផាន បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានអង្គការសង្គមស៊ីវិលមួយ បានស្នើទៅរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ស្តុបជានិមិត្តរូបមួយ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងករណីរលំបាក់អគារ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកែប។
តាមរយៈទំព័រ Facebook របស់លោក ផៃ ស៊ីផាន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សំណើសាងសង់ស្តូបជានិម្មិតរូប នៃជនរងគ្រោះដោយសារការបាក់រលំអគារ សំណង់ ដែលស្នើដោយអង្គការសង្គមស៊ីវិល ដើម្បីរំលឹកការចងចាំ គឺមិនចាំបាច់ដោយហេតុថា ទាំងប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន ទាំងសប្បុរសជន បានយកចិត្តទុកដាក់បំភ្លឺ និងដោះស្រាយជូនជនរងគ្រោះរួចរាល់»។
«សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញជំហរនៃការអនុវត្តច្បាប់សំណង់ ដែលទើបចូលជាធរមានឱ្យមានប្រសិទ្ធភាព។ ដូច្នេះ ស្តូបគ្រាន់តែជានិម្មិតរូបនៃព្រឹត្តិការណ៍តែប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាលបានបង្ហាញសកម្មភាពជាក់ស្តែង និងសមិទ្ធផលជាសកល និងយូរអង្វែង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ផៃ ស៊ីផាន។
គួរជម្រាបថា ករណីបាក់រលំអគារកម្ពស់ ៦ជាន់ នៅក្នុងខេត្តកែប បានបណ្តាលឱ្យមនុស្សរងគ្រោះ និងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕