(កំពង់ស្ពឺ)៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងប្រាសាទព្រះនរាយ៍ (លោកតាធម្មរាជ) ដែលមានតម្លៃជាង ១៥ម៉ឺនដុល្លារ ស្ថិតនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ, លោក យឹមសុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។
លោក វ៉ី សំណាង បានលើកឡើងថា ថ្ងៃនេះរដ្ឋបាលកំពង់ស្ពឺ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាថ្មីម្តងទៀតនូវប្រាសាទលោកតារាជ ដោយសំណង់នេះ គឺជាអំណោយឧបត្ថម្ភដោយព្រះតេជគុណ តបសីលោ ហៀក ឡឹង ព្រះចៅអធិការវត្តពោធិសត្វគីរីរម្យ អស់ទឹកប្រាក់ចំនួន ១៥ម៉ឺនដុល្លារ។
លោកថា «នេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលបានចូលរួមឧបត្ថម្ភពីសប្បុរសជននានា ដែលមានការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា»៕