(ត្បូងឃ្មុំ)៖ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លោក ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបែងចែកការងារ និងប្រគល់ភារកិច្ចការងារ ជូនមន្ត្រី នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សម្រាប់ឆ្នាំ២០២០ ដោយមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំនោះ មានរបៀបវីរៈចំនួន៤ រួមមាន៖ ការបែងចែកការងារនិងប្រគល់ភារៈកិច្ចការងារជូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការដឹកនាំគ្រប់គ្រងអគារស្នាក់នៅ របស់មន្ត្រីរាជការខេត្តត្បូងឃ្មុំ ពិធីប្រគល់ដីការស្ដីពីការតែងតាំងអនុប្រធានមន្ទីរ ប្រធាន/អនុប្រធានការិយាល័យចំនួន៤រូប និងបញ្ហាផ្សេងៗ។
សូមជម្រាបថា ក្នុងពិធីប្រគល់ដីការស្ដីពីការតែងតាំងអនុប្រធានមន្ទីរ ប្រធាន/អនុប្រធានការិយាល័យចំនួន៤រូបនោះរួមមាន៖ លោក វ៉ាន់ វីរៈ ជាអនុប្រធានមន្ទីរ, លោក ទូច សុវី ជាប្រធានការិយាល័យ ទូរទស្សន៍ លោក រិទ្ធ អារុណ្ណាទី ជាអនុប្រធានការិយាល័យទូរទស្សន៍ និងលោក ហុឹម លុកម៉ាន ជាអនុប្រធានការិយាល័យទីភ្នាក់ងារសារព័ត៍មានកម្ពុជា ខេត្តត្បូងឃ្មុំ។
លោក ស ស៊ីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារកន្លងមក របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរព័ត៌មានខេត្ត សម្រេចបាននូវលទ្ធផលជាច្រើន យ៉ាងល្អប្រសើរ។
ឆ្លើយតបនឹងបញ្ហាប្រឈម និងសំណូមពរមួយចំនួនដែលមន្ត្រីបានលើកឡើង លោក ស ស៊ីណា បានដោះស្រាយ និងបំពេញអ្វីដែលមន្ត្រីក្រោមឱវាទត្រូវការជាចាំបាច់ ក៏ដូចជាបានជំរុញមន្ត្រីទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន ឲ្យកាន់តែល្អទ្វេឡើង និងមានប្រសិទ្ធភាពខ្ពស់ក្នុងការផលិតកម្មវិធីអ្វីដែល ថ្មី ប្លែក និងអាចជឿទុកចិត្តបានធ្វើយ៉ាងណាផ្សព្វផ្សាយ ព័ត៌មាន និងកម្មវិធីកម្សាន្តនានា ឱ្យបានកាន់តែទូលំទូលាយដល់គ្រប់ស្រទាប់មហាជនទូទាំងខេត្ត ក្នុងប្រទេស ក៏ដូចជានៅទូទាំងសកលលោក តាមប្រព័ន្ធអនឡាញ។
លោក ស ស៊ីណា បានផ្ដាំផ្ញើលោកអនុប្រធានមន្ទីរ និងលោកប្រធាន អនុប្រធានការិយាល័យ ដែលត្រូវបានដំឡើងតួនាទី ទទួលតំណែងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងខិតខំបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានល្អ ដឹកនាំ ចាត់ចែង បែកចែក ភារកិច្ចមន្ត្រីក្រោមការិយាល័យ ឲ្យបានត្រឹមត្រូវ ស្វះស្វែងផលិតកម្មវិធីព័ត៍មាន និងកម្មវិធីកំសាន្តថ្មីៗបន្ថែម ដើម្បីទាក់ទាញ និងបំរើអារម្មណ៍ទស្សនិកជន ជាពិសេសត្រូវរួមសាមគ្គីស្រលាញ់រាប់អានគ្នា ក្នុងនាមជាគ្រួសារតែមួយនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ៕