(កំពង់ឆ្នាំង)៖ ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ ដែលបានទៅទស្សនាប្រាសាទមួយកន្លែងឈ្មោះប្រាសាទ «សក្ល» ឬប្រាសាទ «ប្រុស» ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានសំណូមពរ ដល់មន្ទីរវប្បធម៌ខេត្ត ក៏ដូចជា ក្រសួងវប្បធម៌ឲ្យជួយធ្វើការទប់ស្កាត់ ចំពោះជនខិលខូច ដែលបានកាប់គាស់ទន្ទ្រានយកដីទីទួលប្រាសាទធ្វើស្រែ ស្ទើរដល់ជើងប្រាសាទទៅហើយ។
ការកាប់គាស់ភ្ជួររាស់ ប្រើដោយកម្លាំងម៉ាស៊ីនគោយន្ត ដីក្បែរជើងប្រាសាទដូចនេះ គឺអាចធ្វើឲ្យប៉ះពាល់ដល់ជើងគ្រឹះរបស់ប្រាសាទបុរាណទៀតផង។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានធ្វើដំណើរទៅដល់ទឹកដី នៃស្រុកកំពង់លែង និងបានទៅដល់ប្រាសាទមួយកន្លែង ដែលមានឈ្មោះថា ប្រាសាទ (សក្ល) ឬប្រាសាទប្រុស។ ប្រាសាទសក្ល ឬគេហៅថា ប្រាសាទប្រុស មានទីតាំងស្ថិត នៅប្រមាណ ៣០០ម៉ែត្រ ពីជើងភ្នំកង្កែប ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលដីទួលនៅជុំវិញប្រាសាទ នៅសល់តែ ១ជ្រុងប៉ុណ្ណោះ ដែលនៅសល់ ដីទួលប្រវែងជាង ៣០ម៉ែត្រ ចំណែក ៣ជ្រុងទៀត គឺនៅមិនសល់ ៥ម៉ែត្រផង ដោយត្រូវបានគេរំលោភយកជិតអស់ហើយ។
លោក ចាន់ សារ៉ាត់ តំណាងអ្នកទេសចរណ៍ជាតិ ដែលបានទៅលេងនៅប្រាសាទសក្លនោះ បានបញ្ជាក់ថា លោក និងមិត្តភ័ក្តមានការសោកស្តាយ និងមានការបារម្ភចំពោះដី ទីទួលប្រាសាទបុរាណ មួយនេះ ដោយឃើញ អ្នករំលោភយកដី បានឈូសឆាយយកដីទីទួលប្រាសាទ ជិតដល់ជើងប្រាសាទបុរាណបែបនេះ។ ប្រសិនបើយើងជាកូនខ្មែរ មិនថែរក្សាការពារកេរ្តិ៍តំណែលដូនតាយើងនោះទេ សួរថាតើអ្នកណាមក ការពារឲ្យយើង?។
លោក បានសំណូមពរដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងអាជ្ញាធរពាក់ព័ន្ធ ជួយមានវិធានការ ការពារនិងទប់ស្កាត់ផង បើពុំនោះទេប្រាសាទនេះ អាចនឹងដួលរលំជាក់ជាមិនខានឡើយ។
ជុំវិញការទន្ទ្រានយកដីទីទួលប្រាសាទ (សក្ល) ឬប្រាសាទប្រុស ជិតដល់ជើងប្រាសាទខាងលើនេះ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ ខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ ឲ្យដឹងថា កន្លងមកខាងមន្ទីរវប្បធម៌ ក៏ដូចជា ការិយាល័យវប្បធម៌ស្រុក បានបោះបង្គោលកំណត់ព្រំទីទួលប្រាសាទរួចហើយ ដោយកំណត់ដីទួលរបស់ប្រាសាទ មានប្រវែង ៣០ម៉ែត្រ ពីជើងប្រាសាទ តែដោយប្រជាពលរដ្ឋគាត់ឃើញដីនោះ មានសភាពអាចធ្វើស្រែបាន គាត់ក៏ចេះតែកាប់គាស់ទន្ទ្រានយកធ្វើស្រែ ដោយមិនមានអាជ្ញាធរ ឬខាងមន្ទីរ អនុញ្ញាតឲ្យគាត់ធ្វើនោះទេ។
តែទោះជាយ៉ាងនេះក៏ដោយ លោកនឹងចាត់ឲ្យខាងការិយាល័យ ចុះទៅធ្វើការបោះបង្គោលកំណត់ព្រំសារជាថ្មីម្ដងទៀត ដោយមិនអនុញ្ញាត ឲ្យគាត់កាប់គាស់វាតយកធ្វើស្រែតទៅទៀតបានឡើយ។
ប្រាសាទ (សក្ល) ឬប្រាសាទប្រុស ជាប្រាសាទមួយ ដែលកសាងឡើងនៅចន្លោះសតវត្សទី៧ និងទី៨ ដែលមានរចនាបទយកតាមប្រាសាទ កំពង់ព្រះស្ថិតនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ ប្រាសាទមួយនេះ បាននិងកំពុង នៅឈរបានល្អជាងប្រាសាទផ្សេងៗទៀតជាច្រើន នៅក្នុងទឹកដីស្រុកកំពង់លែង តែបើយើងមិនចេះថែរក្សាទេនោះ ប្រាសាទមួយនេះ នឹងបាក់រលំបាត់ស្រមោលថ្ងៃណាមួយជាក់ជាមិនខាន។ នេះជាការបញ្ជាក់ពីមន្រ្តីវប្បធម៌៕