(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានចាត់ទុកថា យុវជនកាកបាទក្រហមកម្ពុជា ជាកម្លាំងស្នូលដ៏មានសារសំខាន់ និងសកម្មបំផុតក្នុងការផ្ដល់សេវាកម្មមនុស្សធម៌ប្រកប ដោយការប្ដេជ្ញាចិត្ត និងលះបង់ខ្ពស់ ស្របតាមប្រធានបទ «សង្រ្គោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត» នៃយុទ្ធសាស្ត្រ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា។
លោកអភិបាលខេត្ត បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាចំនួន ២០២០នាក់ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាថ្ងៃទី៩ ខែមករា ឆ្នាំ ២០២០នេះ។
លោកអភិបាលខេត្ត ម៉ៅ ភិរុណ បានថ្លែងទៀតថា នៅគ្រប់សម័យកាលគ្រប់សង្គម យុវជនមិនត្រឹមតែជាកម្លាំងដ៏ស្រួចស្រាវ មានកម្លាំងកាយ កម្លាំងចិត្ត ក្លាហានពុះពារគ្រប់ឧបសគ្គ និងការលំបាកប៉ុណ្ណោះទេ ប៉ុន្តែយុវជន គឺជាសរសរទ្រូងដ៍រឹងមាំរបស់ជាតិទៀតផង។
លោកបន្តថា ការរៀបចំឲ្យមានពិធីបំពាក់កន្សែងដល់យុវជននេះ ជាសក្ខីកម្មមួយទៀត នៃខិតខំយកចិត្តទុកដាក់ប្រឹងប្រែងពង្រឹងពង្រីកយុវជន និងជាឱកាសដ៏ប្រសើរបំផុតក្នុងការប្រកាសបំពេញសិទ្ធិ យុវជនកាកបាទក្រហមកម្ពុជា ឲ្យសាកសមជាធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពរបស់កាកបាទក្រហមកម្ពុជា និងចលនាអន្តរជាតិកាកបាទក្រហម-អឌ្ឍចន្ទក្រហម ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជំរុញដល់យុវជនយុវតីទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង កសាងសមត្ថភាព ជឿជាក់លើខ្លួនឯង ស្រលាញ់សង្គមជាតិ ស្រលាញ់សន្តិភាព ចូលរួមកិច្ចការសង្គមនានា ចៀសវាងការលេងហ្គេមហួសកម្រិត លេងហ្វេសប៊ុកច្រើនជ្រុល ខណៈដែលសម័យនេះ និងអនាគត គេត្រូវការអ្នកមានចំណេះ ជំនាញពិត ដើម្បីក្លាយជាទំពាំងស្នងឬស្សីដ៍ខ្លាំងក្លា។
ទន្ទឹមនឹងសារនេះដែរ យុវជន ខាន់ វិបុល និង យុវតី សេង សក្កុណា ក៏ប្រាប់អ្នកយកព័ត៌មាន Fresh News ពួកគេនឹងខិតខំសិក្សារៀនសូត្រ ធ្វើខ្លួនឲ្យក្លាយជាជនគំរូ កសាងសមត្ថភាពឲ្យខ្លាំងក្លា ពិសេសចូលរួមជាមួយការងារសង្គម ដើម្បីប្រយោជន៍ជាតិ សាកសមជាយុវជនកាកបាទក្រហមកម្ពុជា។
សិស្សទាំង២រូបនេះ ក៏បានអំពាវនាវដល់យុវជន យុវតីទាំងអស់ កុំជឿលើការឃោសនាអកុសលទាំងឡាយដែលញុះញង់ឲ្យស្អប់រាជរដ្ឋាភិបាល ខណៈគួរតែងាកមកចាប់អារម្មណ៍ ចំពោះកិច្ចខិតខំក្សារៀនសូត្រ និងមើលកម្ពុជាលើផ្លូវវិជ្ជមាន ពិសេសត្រូវចូលរួមថែរក្សាសន្តិភាព និងចូលរួមការងារសង្គមទាំងអស់គ្នា ទើបស្រុកយើងជឿនលឿនដើរទៅមុខបានរលូនរហ័ស៕