(ភ្នំពេញ)៖ សិស្សវិទ្យាល័យបឹងកេងកង និងបក្ខពួកសរុប ២នាក់ ចេញធ្វើសកម្មភាពឆក់បូប តែមិនបានសម្រេច ហើយត្រូវជាប់ខ្នោះភ្លាមៗ របស់កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ការតាមបង្ក្រាបសិស្សវិទ្យាល័យបឹងកេងកង និងបក្ខពួកទាំង២នាក់នេះ គឺបានអនុវត្តឡើង ស្ថិតនៅចំណុចម្តុំកន្លែងកោសដូង ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងដកហូតម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-1074 មួយគ្រឿង បន្ទាប់ពីពួកគេ (ជនសង្ស័យ) ធ្វើសកម្មភាពឆក់កាបូបយួរមិនបានសម្រេច តាំងពីចំណុចមុខផ្ទះលក់ផ្កា ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា នាល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបាន ក្នុងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ពណ៌ស្លែ) ទី១-ឈ្មោះ ទៀង រតនៈបញ្ញាសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

ឯម្នាក់ទៀតឈ្មោះ ចាយ តៃវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យបឹងកេងកង ស្នាក់នៅផ្ទះលេខ១៥Z ផ្លូវលេខ១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ពេលនេះកំពុងស្ថិតក្រោមការសួរនាំនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕