(បន្ទាយមានជ័យ)៖ ក្រោយពីទឹកស្ទឹងមង្គលបុរី នឹងរីងស្ងួតក្នុងរយៈពេល ២-៣ថ្ងៃនេះ ដែលធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋនៅទូទាំងស្រុកជាង ៨ពាន់គ្រូសារ, នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះអន្ដរាគមន៍ផ្ទាល់ ដោយដឹកនាំមន្ដ្រីពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋាន បើកប្រតិបត្ដិការបូមទឹកចេញពីស្ទឹងសិរីសោភ័ណ បញ្ជូនទៅកាន់ស្ទឹងមង្គលបុរី ដើម្បីផ្ដល់ការប្រើប្រាស់ទឹកជូនដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន។
លោករដ្ឋមន្ត្រី លឹម គានហោ បានសម្រេចផ្ដល់ជូននូវស្ថានីយបូមទឹក ហ៊ុន សែន (បណ្តែត) ដែលមានទុយោទំហំ ៥តឹក ចំនួន១ស្ថានីយ ព្រមទាំងបានណែនាំ ឲ្យក្រុមអ្នកបច្ចេកទេសធ្វើការសិក្សា ដើម្បីឈានទៅសាងសង់ ប្រឡាយបេតុង១ខ្សែ ប្រវែងប្រមាណ៨គីឡូម៉ែត្រ ចេញពីស្ថានីយទៅភ្ជាប់នឹងស្ទឹងមង្គលបុរី ដែលប្រឡាយនេះ មានតួនាទីជាប្រឡាយស្រោចស្រពផង និងជាប្រឡាយនាំទឹក សម្រាប់ការប្រើប្រាស់ នៅក្នុងស្រុកមង្គលបុរីផងដែរ។
មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បានថ្លែងថា មកដល់ពេលបច្ចុប្បន្ននេះ សម្រាប់ស្រុកមង្គលបុរី មិនទាន់មានអ្វីត្រូវព្រួយបារម្ភនោះទេ ដោយលោករដ្ឋមន្ត្រី បានសម្រេចតម្លើងម៉ាស៊ីនបូមទឹក ចំនួន ៣គ្រឿង បូមទឹកបង្ហូរទៅស្ទឹងមង្គលបុរី។
ក្នុងឆ្នាំ២០១៩-២០២០នេះ ស្រុកមង្គលបុរី បានបង្កបង្កើនផលស្រូវប្រាំង រហូតដល់ទៅ ៨ម៉ឺនហិកតា (ផែនការខេត្ត បានដាក់ចុះ ៧ពាន់ហិកតាតែប៉ុណ្ណោះ)។ ចំពោះបញ្ហាបង្កបង្កើនផលស្រូវប្រាំងនេះ ត្រូវបានក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជួយអន្តរាគមន៍បូមទឹកសង្គ្រោះរួចរាល់អស់ហើយ មិនមានអ្វីចោទជាបញ្ហាទេ៕