(ភ្នំពេញ)៖ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ កំពុងសិក្សាញែកតួនាទី ភារកិច្ចរបស់ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឲ្យមានភាពច្បាស់លាស់។

ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរ ខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២០) នៅខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ឥលូវនេះយើងមានក្រុមការងារគណបក្សផង ក្រុមការងាររដ្ឋាភិបាលផង តាមប្រគល់ភារកិច្ចពីគណអចិន្ដ្រៃយ៍ ខ្ញុំកំពុងរៀបចំធ្វើការសិក្សា ដើម្បីញែកតួនាទី ភារកិច្ចរបស់ក្រុមការងារទាំងពីរ»

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការសិក្សាបែកចែកនេះ ដើម្បីកំណត់ឲ្យច្បាស់លាស់ថា កិច្ចការងាររបស់គណបក្ស គឺក្រុមការងារបក្សជាអ្នកធ្វើ ហើយអ្វីដែលជាកិច្ចការងាររបស់រាជរដ្ឋាភិបាល គឺប្រគល់ឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលដែលអនុវត្ត។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ បានអះអាងទៀតថា ក្រុមការងាររាជរដ្ឋាភិបាល មានតួនាទីសំខាន់ណាស់ ក្នុងការគាំទ្រដល់រដ្ឋបាលគ្រប់ថ្នាក់ តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ឃុំ ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រោះថាកន្លងទៅតាមរយៈក្រុមការងារនេះ បានធ្វើវេទិកាសាធារណៈជាបន្ដបន្ទាប់ ដើម្បីប្រមូលនូវមតិយោបល់នានារបស់ប្រជាពលរដ្ឋ។ ការងារនេះសម្ដេចបានជំរុញឲ្យខិតខំប្រឹងប្រែងធ្វើបន្ដទៀត។

សម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកទៀតថា ក្រុមការងាររាជរដ្ឋាភិបាលដែលចុះមូលដ្ឋាន មិនមែនចេះតែដើរប្រមូលព័ត៌មានពីប្រជាពលរដ្ឋ ហើយសន្យាឲ្យតែរួចនោះទេ ពោលនៅពេលសន្យាហើយ ត្រូវតែដោះស្រាយជូនពួកគាត់ឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយប្រសិនបើការងារនោះ ដោះស្រាយមិនចេញ ត្រូវរាយការណ៍ជូនថ្នាក់លើដើម្បីដោះស្រាយ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអរគុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាល ដែលតែងចុះជាប់ជាប្រចាំ ជាមួយប្រជាពលរដ្ឋ ហើយតែងតែក្ដោបក្ដាប់នូវអ្វីដែលជាតម្រូវការរបស់ពួកគាត់ ដើម្បីឈានទៅដល់ដោះស្រាយឲ្យបានទាន់ពេលវេលា។ សម្ដេចសង្ឃឹមថា ក្រុមការងារទាំងពីរ នឹងបន្ដអនុវត្តការងារនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕