(ចិន)៖ សមាគមនិស្សិត ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានរៀបចំ ប្រារព្ធពីធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ - មករា ២០២០) និងមានការរៀបចំអាហារសាមគ្គី ក្រោមអធិបតីភាពរបស់លោក ស្រេង សាតារ៉ូ ទីប្រឹក្សាស្ថានទូត, លោក ហោ សេរីវឌ្ឍន៍ ប្រធានគណៈប្រតិភូយុវជនកម្ពុជា, លោក អ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិត, លោក ហេង ជិនហាក់ ប្រធានក្រុមប្រឹក្សាភិបាលសមាគម, និងលោក ណុប វាសនា ប្រធានសមាគមនិស្សិត អាណត្តិទី៣។
ក្នុងពិធីនេះ មានការចូលរួម ដោយមន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន, គណៈប្រតិភូយុវជនកម្ពុជាដែលមកពីកម្ពុជា និងតំណាងក្រុមនិស្សិតទូទាំងប្រទេសចិន នៃសមាគមនិស្សិត រួមជាមួយភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ១២០នាក់ នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។ នេះជាលើកទី៣ ដែលសមាគម បានរៀបចំពិធីបុណ្យជាតិ អបអរសាទរ ទិវាជ័យជម្នះ ៧មករា គិតចាប់តាំងពីឆ្នាំ២០១៨, ឆ្នាំ២០១៩ និងឆ្នាំ២០២០។
លោក ណុប វាសនា ប្រធានសមាគម បានមានមតិស្វាគមន៍ចំពោះគណៈធិបតី និងអង្គពិធី ព្រមទាំងថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ចំពោះស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន និងគណៈប្រតិភូយុវជនកម្ពុជា ដឹកនាំដោយលោក ហោ សេរីវឌ្ឍន៍ តំណាងឲ្យលោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត បានគាំទ្រ និងចូលរួមឧបត្ថម្ភកម្មវិធី។
លោក ស្រេង សាតារ៉ូ បានអានសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបង្ហាញពីអត្ថន័យនៃទិវាជ័យជម្នះ៧មករា ដែលជាការលះបង់សាច់ស្រស់ ឈាមស្រស់របស់វិរជនជំនាន់មុន ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំតស៊ូ រំដោះប្រទេសឲ្យរួចផុតពីរបបខ្មៅងងឹតមួយនេះ ជាពិសេសអត្ថន័យសន្តិភាព ដែលជាតម្រូវការចំបាច់បំផុត សម្រាប់ការរស់នៅ និងការអភិវឌ្ឍប្រទេសជាតិ។
លោក ហេង ជិនហាក់ តំណាងអង្គពិធីបានឡើងប្តេជ្ញា ការពារស្មារតី៧មករា ដែលជាស្នូលដ៏រឹងមាំនៃការអភិវឌ្ឍ ការពង្រឹង សន្តិភាព សេ្ថរភាពនយោបាយ និងការការពារឯករាជ្យ អធិតេយ្យភាព បូរណភាពទឹកដីនៃកម្ពុជា និងប្តេជ្ញាការពារ និងពង្រីករាល់សមិទ្ធផលសង្គមជាតិ ដែលសម្រេចបានតាំងពីថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ព្រមទាំងប្តេជ្ញាការពារដាត់ខាត សម្តេចតេជោ ហ៊ុន សែន ជាទីគោរពស្រឡាញ់ និងបន្តគាំទ្រឥតងាករេ នូវការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ហោ សេរីវឌ្ឍន៍ បានពាំនាំការសួរសុខទុក្ខពោរពេញ ដោយក្តីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ពីសំណាក់ថ្នាក់ដឹកនាំយុវជនកម្ពុជាជាពិសេសលោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្ត ទុកដាក់ពីសុខទុក្ខរបស់និស្សិតយើងជានិច្ច។
លោកបានរំលេចអំពីអត្ថន័យទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា និងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានសន្តិភាព ពេញលេញក្រោយឆ្នាំ១៩៩៨។ ជាពិសេសអត្ថន័យ នៃការចូលរួមគាំទ្រសារនយោបាលរបស់សម្តេចតេជោ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។
លោក ក៏បានរំលឹកដល់និស្សិតទាំងអស់ ដែលជាយុវជនពិតជាចាំបាច់ណាស់ ក្នុងការចូលរួមរក្សាសន្តិភាព ប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ។ យើងជាយុវជនពិសេសសុទ្ធតែជាបញ្ញវ័ន្ត ចាំបាច់ណាស់ ក្នុងការចូលរួមទប់ស្កាត់ កុំឲ្យមានរបបដ៏សែនខ្មៅងងឹតនេះ កើតឡើងវិញបាន និងបន្តដើរតួរសំខាន់នៅក្នុងសង្គមជាតិ តាមការចូលរួមអភិវឌ្ឍន៍ខ្លួនឯងពេលរៀន នៅក្រៅប្រទេស និងត្រឡប់ទៅវិញចូលរួមអភិវឌ្ឍន៍ ប្រទេសកម្ពុជាសំដៅសម្រេចចក្ខុវិស័យកំណត់ដោយសម្តេចតេជោ នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខាងមុខ៕