(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ពីរករណីផ្សេងគ្នា និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៦នាក់ ជាមួយគ្រឿងចំនួន ៣០កញ្ចប់តូចធំ នៅក្នុងសង្កាត់លេខ០១ និងសង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីនគរបាល បានឲ្យដឹងថាប្រតិបត្តិការនេះ បានធ្វើឡើងចំនួន ២ករណីផ្សេងៗគ្នា រួមមាន៖
*ករណីទី១៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ នៅក្នុងសង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាជាងម៉ោង១ ឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ។
កម្លាំងនគរបាលឃាត់ខ្លួនបានជនសង្ស័យមានឈ្មោះ សុខ សុភ័ក្រ អាយុ១៦ឆ្នាំ, ឈ្មោះ លឹម សុបញ្ញា អាយុ២១ឆ្នាំ, ឈ្មោះ លីវ ម៉ាឌិន អាយុ៣០ឆ្នាំ, ឈ្មោះ យិន ផៃ អាយុ១៧ឆ្នាំ, ឈ្មោះ សាំង ឡុង អាយុ២១ឆ្នាំ ព្រមទាំងដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ២៩កញ្ចប់តូច, ទូរស័ព្ទដៃ៤គ្រឿង និងអាយផេត១គ្រឿង។
*ករណីទី២៖ កម្លាំងនគរបាលជំនាញចុះបង្ក្រាបបទល្មើសគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ កែប បិ ភេទប្រុស អាយុ៣៦ឆ្នាំ ដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យ សារធាតុញៀន ១កញ្ចប់ធំ, អាវុធខ្លីប្រភេទបាញ់ខ្យល់១ដើម មានគ្រាប់៣គ្រាប់ និងទូរស័ព្ទដៃ១គ្រឿង នៅក្នុងសង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៤ទាបភ្លឺ ឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕