(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី០៩ ខេមករា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កម្ពុជា-វៀតណាម នឹងបន្ដកិច្ចសហប្រតិបត្តិការ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើង ពីព្រឹត្តិការណ៍ថ្មីកន្លងមកនេះ នោះគឺការប្រារព្ធពិធីខួបអនុស្សាវរីយ៍ លើកទី៤១ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះ នាយឧត្ដមសេនីយ៍ បានបញ្ជាក់ពីការចងចាំ និងដឹងគុណចំពោះគុណូបការៈរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ពិសេសកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មយ៉ាងធំធេង ក្នុងបុព្វហេតុនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបន្តថា មកដល់បច្ចុប្បន្ននេះ ក្នុងដំណាក់កាលដែលកម្ពុជា ទទួលបានសុខសន្តិភាព វៀតណាមនៅតែបន្តជួយកម្ពុជា លើគ្រប់មធ្យោបាយ ទាំងសម្ភារ គ្រឿងបំពាក់ សំខាន់បំផុតនោះ គឺការជួយបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ។
ជាកិច្ចឆ្លើយតប លោក វូ គ័ងមិញ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូអគ្គបញ្ជាការ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ មកជូនពរឆ្នាំថ្មីនាឱកាសនេះ។ លោកបានចាត់ទុកថានេះ គឺជាការរម្លឹកនូវចំណងសាមគ្គីភាព មិត្តភាពជាបងប្អូនក្នុងនាមប្រទេសជិតខាងល្អ ហើយកាន់តែពង្រឹងពង្រីកឲ្យល្អប្រសើរថែមទៀត នូវចំណងទាក់ទង កិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតវៀតណាម បានលើកឡើង ពីព្រឹត្តិការណ៍នានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៩កន្លងទៅ ក្នុងនោះព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់ គឺការធ្វើលំហាត់រួមគ្នា នៃកិច្ចការជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ ក្នុងគោលបំណងចែករំលែក បទពិសោធន៍ សម្ដៅរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ជាមួយនោះ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ ដល់កិច្ចសហការល្អក្នុងការរុករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាត់ខ្លួនក្នុងសង្គ្រាមនៅកម្ពុជា៕