(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះការតវ៉ាពីសំណាក់បុគ្គលិក Naga World ប្រមាណជាង១០០០នាក់ ដោយទាមទារលក្ខខណ្ឌមួយចំនួន នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌចំការមន បានអញ្ជើញតំណាងអ្នកតវ៉ាមួយចំនួន ជួបប្រជុំរកដំណោះស្រាយ។ ចំណែកក្រុមអ្នកតវ៉ានៅខាងមុខ Naga World បាននៅស្ងៀមនៅនឹងកន្លែង ដោយមិនទាន់ធ្វើសកម្មភាពអ្វីបន្តទៀតទេ។
ទោះជាយ៉ាងនេះក្តីរហូតដល់ម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី០៩ ខែមករានេះ ការជួបប្រជុំនៅមិនទាន់មានលទ្ធផលយ៉ាងណានៅឡើយ ហើយបើសិនជាការដោះស្រាយត្រឹមអាជ្ញាធរខណ្ឌមិនអាចបញ្ចប់បញ្ហានេះបាន អាចនឹងមានការបន្តដោះស្រាយដល់កម្រិតអាជ្ញាធររាជធានីតែម្តង។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកតវ៉ា។
សូមបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ប្រមាណ១០០០នាក់ បានផ្ទុះការតវ៉ាជាថ្មី នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ ដោយទាមទារនូវលក្ខខណ្ឌមួយចំនួន ក្រោយពេលក្រុមហ៊ុនព្យួរការងារមេសហជីពមួយរូប។
លក្ខខណ្ឌដែលបុគ្គលិកទាំងនោះទាមទាររួមមានដូចជា៖ ឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីព ម្នាក់ ឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ។ អនុញ្ញាតឲ្យកម្មករឈប់សម្រាកតាម គោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ, បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ និងដំឡើងប្រាក់ឈ្នួល៣០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង៥០០ដុល្លារសម្រាប់ បុគ្គលិកផ្នែកកាស៊ីណូជាដើម។
ក្រុមបុគ្គលិកដែលតវ៉ា ក៏បានលើកបដាមួយចំនួនទៀត ដូចជាសរសេរថា «ណាហ្គាវើលដ៍ ត្រូវគោរពសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល លេខ៤៧/០៩ និងលេខ១០/១០», «ការទាមទារប្រាក់ឈ្នួល រស់នៅសមរម្យ គឺជាសិទ្ធិមិនមែនជាបទល្មើសឧក្រិដ្ឋទេ» ជាដើម៕