(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលនៃអធិការខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនតៃវ៉ាន់០២នាក់ ដែលពាក់ព័ន្ធករណីផលិតគ្រឿងញៀន ប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ទៅកាន់តុលាការ ដើម្បីប្រគល់ជូនតំណាងអយ្យការចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ហូ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខបានឱ្យអង្គភាព Fresh News បានដឹងថា ជនសង្ស័យទី១ មានឈ្មោះ ស៊ី អាយអី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរទេសចរ ស្នាក់នៅផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធករណីរក្សាទុកសារធាតុផ្សំគីមីកែច្នៃ និងប្រើប្រាស់សារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យទី២៖ ឈ្មោះ លី តាយឈាវ ភេទប្រុស អាយុ៤១ ជនជាតិចិនតៃវ៉ាន់ មុខរបរបើកអ៊ីនធឺណេត ស្នាក់នៅក្នុងផ្ទះជួលលេខ៥៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ លី តាយឈាវ សមត្ថកិច្ចដកហូតបានវត្ថុតាងជាច្រើនរួមមាន៖ អាវុធខ្លីចំនួន២ដើម (ម៉ាក ZORAKIM906 ពណ៌ខ្មៅ លាយទឹកប្រាក់ លេខ០០០១៣០៧ និងម៉ាកឡុកអីទ្រីសលេខPAD529 ពណ៌ខ្មៅ), បង់គ្រាប់កាំភ្លើងចំនួន ២បង់, គ្រាប់កាំភ្លើងចំនួន ១៨គ្រាប់, សំបកគ្រាប់កាំភ្លើងចំនួន ៣៥គ្រាប់, លិខិតឆ្លងដែនចំនួន ០៤ក្បាល, ម្សៅពណ៌សថ្លាចំនួន ៤៨ដប់ជ័រ, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៥គ្រាប់, ម្សៅក្រាមពណ៌សថ្លាចំនួនន១កូនថង់តូច, ម្សៅម៉ដ្ឋពណ៌សចំនួន ១កញ្ចប់តូច, ម្សៅពណ៌ក្រាមសថ្លាចំនួន ៣០៧ដបតូច, ថ្នាំគ្រាប់ពណ៌ទឹកក្រូចចំនួន ១៥ក្រាប់, ម្សៅពណ៌ទឹកដោះគោចំនួន កន្លះដបជ័រ, ម្សៅម៉ដ្ឋពណ៌ទឹកក្រូចចំនួនកន្លះថង់ធំ, ម្សៅម៉ដ្ឋពណ៌ទឹកដោះគោចំនួន១ថង់ធំមួយ៕