(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ប្រមាណ១០០០នាក់ បានផ្ទុះការតវ៉ាជាថ្មី នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ ដោយទាមទារនូវលក្ខខណ្ឌមួយចំនួន ក្រោយពេលក្រុមហ៊ុនព្យួរការងារមេសហជីពមួយរូប។
លក្ខខណ្ឌដែលបុគ្គលិកទាំងនោះទាមទាររួមមានដូចជា៖ ឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីព ម្នាក់ ឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ។ អនុញ្ញាតឲ្យកម្មករឈប់សម្រាកតាម គោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ, បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ និងដំឡើងប្រាក់ឈ្នួល៣០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង៥០០ដុល្លារសម្រាប់ បុគ្គលិកផ្នែកកាស៊ីណូជាដើម។
ក្រុមបុគ្គលិកដែលតវ៉ា ក៏បានលើកបដាមួយចំនួនទៀត ដូចជាសរសេរថា «ណាហ្គាវើលដ៍ ត្រូវគោរពសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល លេខ៤៧/០៩ និងលេខ១០/១០», «ការទាមទារប្រាក់ឈ្នួល រស់នៅសមរម្យ គឺជាសិទ្ធិមិនមែនជាបទល្មើសឧក្រិដ្ឋទេ» ជាដើម។
ពាក់ព័ន្ធនឹងករណី នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចាត់ចែងបណ្តោះអាសន្នមួយ ដើម្បីទប់ស្កាត់ស្ថានការណ៍ ដោយសម្រេចដូចតទៅ៖
១៖ ផ្អាកការធ្វើកូដកម្មដល់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងប្រព្រឹត្តចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ តទៅជាបណ្តោះអាសន្ន។
២៖ កម្មករនិយោជិតដែលធ្វើកូដកម្ម ចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ តទៅ ត្រូវចូលធ្វើបំពេញការងារតាមវេន ពេលវេលា និងតួនាទីរបស់ខ្លួន ។
៣៖ កំណត់ថា កម្មករនិយោជិត នៅតែបន្តធ្វើកូដកម្មដោយផ្ទុយនឹងខ្លឹមសារនៃសេចក្តីសម្រេចទី១ និងទី២ ខាងលើនេះ ត្រូវកំណត់គុណវឡំថាជាកូដកម្មខុសច្បាប់ និងត្រូវចាត់ទុកជាកំហុសធ្ងន់ធ្ងរ។ តាមដីកាសម្រេចចាត់ចែងចែង៕