(ភ្នំពេញ)៖ ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញការកោតស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះសម្តេចតេជោ នៅក្នុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋចេញពីគំនរអគារដួលរលំនៅក្នុងខេត្តនាសប្តាហ៍កន្លងទៅនេះ។
ក្នុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋដួលរលំអគារនៅខេត្តកែបនាសប្តាហ៍កន្លងទៅនេះ លោក ទ្រី ភាព បានចូលរួមអមសម្តេចតេជោពេលដឹកនាំប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋចេញពីគំនរអគារតាំងពីពេលចាប់ផ្តើមរហូតដល់បិទបញ្ចប់ប្រតិបត្តិការ។ ការចូលរួមអមការដឹកនាំប្រតិបត្តិការរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យលោក ទ្រី ភាព មើលឃើញដោយផ្ទាល់ពីការចាត់ចែង និងទឹកចិត្តពុះពាររបស់សម្តេចតេជោក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍នោះ។
នៅចំពោះមុខប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណជា២ពាន់នាក់ ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ លោក ទ្រី ភាព ក្រៅពីការលើកឡើងនូវគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន ពីការប្រឹងប្រែងក្នុងការរំដោះជាតិ និងស្តារអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើនក្នុងរយៈពេល៤១ឆ្នាំកន្លងមកហើយនោះ លោកឧកញ៉ា ក៏បានលើកបង្ហាញពីការពុះពារ ពីទឹកចិត្តរបស់សម្តេចតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសង្គ្រោះប្រជាពលរដ្ឋចេញពីគំនរអគារនៅក្នុងខេត្តកែបផងដែរ។
លោក ទ្រី ភាព បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា លោកពិតជាស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោ ដែលជាមេដឹកនាំពោរពេញដោយគុណធម៌ និងព្រហ្មវិហារធម៌។ លោក ទ្រី ភាព បានប្រាប់ប្រជាពលរដ្ឋចូលរួមក្នុងពិធីថា សម្តេចមានវ័យរហូតដល់ទៅជិត៧០ឆ្នាំទៅហើយ តែព្រោះតែការខ្វាយខ្វល់ចំពោះប្រជាពលរដ្ឋរងគ្រោះ សម្តេចបាននៅអង្គុយដាច់យប់ទ្រាំអត់ងងុយស្អុយភ្នែក ទ្រាំអត់អាហារ ដើម្បីទន្ទឹងរង់ចាំការជួយសង្គ្រោះជនរងគ្រោះទាំងអ្នកនៅមានជីវិត និងមិនមានជីវិតចេញពីគំនរអគារនោះ។
លោក ទ្រី ភាព បានរៀបរាប់រាល់សកម្មភាពរបស់សម្តេចតេជោក្នុងប្រតិបត្តិការជូនដល់ប្រជាពលរដ្ឋចូលរួមក្នុងពិធីនោះ។ លោក ទ្រី ភាព បានប្រាប់ប្រជាពលរដ្ឋថា ជាសំណាងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រកបដោយទំនួលខុសត្រូវ និងគិតគូរសុខទុក្ខខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។
សូមរំលឹកថា អគារកម្ពស់៦ជាន់នៅក្នុងខេត្តកែប ដែលកំពុងដំណើរការសាងសង់បានដួលរលំកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។ ក្រោយពេលទទួលបានព័ត៌មាននៃហេតុការណ៍បាក់រលំអគារនៅក្រុងកែប ខេត្តកែប សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទាំងយប់ទៅកាន់កន្លែងកើតហេតុទាំងយប់តាមរយៈរថយន្តពីរាជធានីភ្នំពេញ ទៅកាន់កន្លែងកើតហេតុដែលមានចម្ងាយជិត ១៦០គីឡូម៉ែត្រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានទៅដល់កន្លែងកើតហេតុវេលាម៉ោងជិត ១០យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយបានអង្គុយដឹកនាំ និងបញ្ជាប្រតិបត្តិការរហូតដល់ម៉ោងជិត ៥ទៀបភ្លឺថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។
ពោលសម្តេចតេជោ បាននៅកន្លែងបាក់រលំអគារនោះរហូតក្រុមអ្នកជួយសង្គ្រោះ បានយកជនរងគ្រោះពីរនាក់ប្តីប្រពន្ធដែលនៅមានជីវិតចេញពីគំនរអគារ។ បើទោះបីត្រូវអង្គុយពេញមួយយប់តែភាពអន្ទះសារនៃការរង់ចាំជនរងគ្រោះចេញពីគំនរអគារមិនបានធ្វើឱ្យប្រមុខរាជរដ្ឋាភិបាលរូបនេះត្រូវថបថយថាមពល ឬអត់ងងុយនោះឡើយ។ នៅពេលជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ត្រូវបានយកចេញពីគំនរអគារសម្តេចតេជោ ហ៊ុន សែន បានចេញទៅទទួលជនរងគ្រោះដោយផ្ទាល់នៅលើគំនរអគារ។
បន្ទាប់ពីជនរងគ្រោះត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទៅដល់មន្ទីរពេទ្យ ដើម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគេផងដែរ។ ក្រោយពីរជនរងគ្រោះទាំងពីរមានសុវត្ថិភាពមិនមានការគំរាមកំហែងដល់អាយុជីវិតហើយ ទើបសម្តេចតេជោអញ្ជើញទៅសម្រាននៅវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី០៤ ខែមករា។
លុះវេលាម៉ោងជិត ១០ព្រឹកថ្ងៃទី០៤ ខែមករា សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញកាន់កន្លែងកើតហេតុជាថ្មីម្តងទៀត ហើយស្ថិតនៅកន្លែងប្រតិបត្តិការជាមួយក្រុមអ្នកជួយសង្គ្រោះរហូតដល់ក្រុមជួយសង្គ្រោះបានជួយជនរងគ្រោះជាបន្តបន្ទាប់។ នៅយប់ថ្ងៃទី០៤ ខែមករា សម្តេចតេជោ ហ៊ុន សែន បានស្ថិតនៅជាមួយក្រុមជួយសង្គ្រោះរហូតដល់ម៉ោងជិត១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែមករា ទើបសម្តេចតេជោ ត្រឡប់ទៅសម្រាន្ត បន្ទាប់ពីបានពិនិត្យឃើញថា ប្រតិបត្តិការជិតបានបញ្ចប់ ហើយជនរងគ្រោះដែលមានជីវិតត្រូវបានយកចេញពីគំនរអគាររួចរាល់នោះ។
ក្នុងប្រតិបត្តិការនៃការជួយសង្គ្រោះជនរងគ្រោះពីក្រោមអគារដួលរលំនេះ គេបានមើលឃើញថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដទៃទៀត ព្រមទាំងក្រុមអ្នកជួយសង្គ្រោះផងនោះ បានភ្លេចអស់នូវភាពនឿយហត់អត់ងងុយ ដោយបានផ្តោតជាសំខាន់តែទៅលើការជួយសង្គ្រោះជនរងគ្រោះតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេសង្កេតឃើញថា នៅពេលដែលឮក្រុមអ្នកជួយសង្គ្រោះបញ្ជាក់ថា រកឃើញជនរងគ្រោះក្រោមគំនរនៅមានជីវិតចិត្តត្រេកអរក៏បានផ្ទុះឡើង និងរំលឹកដល់ក្រុមអ្នកជួយសង្គ្រោះឱ្យប្រឹងប្រែងអស់លទ្ធភាព និងបង្កើនល្បឿនសង្គ្រោះជនរងគ្រោះតាមដែលអាចធ្វើទៅបាន ដើម្បីសង្គ្រោះជីវិតរបស់ពួកគេ។ នៅពេលជនរងគ្រោះចេញពីគំនរអគារសម្តេចតេជោ តែងតែទៅទទួល បន្ទាប់មកក៏ទៅកាន់មន្ទីរពេទ្យ ដើម្បីតាមដានស្ថានភាពសុខភាពរបស់ពួកគេ។
ពោលក្នុងប្រតិបត្តិការរយៈពេលជា៤៣ម៉ោង នៃការជួយសង្គ្រោះ និងរុះរើគំនរអគារនេះ ទាំងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ព្រមទាំងក្រុមជួយសង្គ្រោះផង មិនបានខ្វល់ពីរឿងសម្រាន្ត ឬហូបចុកនោះឡើយ អ្វីដែលខ្វល់នោះ គឺការសង្គ្រោះជីវិតជនរងគ្រោះ។
សកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងប្រតិបត្តិការសង្គ្រោះនេះ ទទួលបានការស្ញប់ស្ញែងជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែរ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលទទួលខុសត្រូវខ្ពស់ និងបានតម្កល់សុខទុក្ខពលរដ្ឋជាចម្បង។
សូមបញ្ជាក់ថា ប្រតិបត្តិការសង្គ្រោះជនរងគ្រោះដោយសារការបាក់រលំអគារនៅខេត្តកែបប្រើពេលជាង ៤៣ម៉ោង ជាមួយកម្លាំងអ្នកសង្គ្រោះជិត ២ពាន់នាក់ និងគ្រឿងចក្រជាច្រើនគ្រឿងទៀត។ ជនរងគ្រោះក្នុងហេតុការណ៍មាន ៥៩នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៦នាក់ និងអ្នកនៅរស់មាន ២៣នាក់៕