(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងយកព័ត៌មានផ្ទាល់ នៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេបាញ់សម្លាប់ នៅក្នុងនៅភោជនីដ្ឋានហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ លើផ្លូវត្រសក់ផ្អែម (ផ្លូវ៦៣) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅម៉ោង៤ជាងទៀបភ្លឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ។

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា បើតាមបុគ្គលិកក្នុងហេតុ ដែលបានឃើញហេតុការណ៍នេះបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀតដែលជាជនដៃដល់ បានជិះរថយន្តមកជាមួយគ្នាដើម្បីហូបស៊ុប ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះអង្គុយស្លាប់លើតុ។

បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច ជនដៃដល់ក៏បានដើរចេញពីហាង ដោយមានបុរស២នាក់ផ្សេងទៀត បើករថយន្ត និងជិះម៉ូតូ១គ្រឿងមកទទួល បើកគេចខ្លួនបាត់។

ជនរងគ្រោះមិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណនោះឡើយ ដោយរង់ចាំមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យសិន៕